ថៃអាចត្រូវដកពីម្ចាស់ផ្ទះ Asian Indoor and Mrtial Arts Games ក្រោយកាត់ប្រភេទកីឡាជាច្រើនចេញ ក្រោមហេតុផលគ្មានថវិកាគ្រប់គ្រាន់
នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia) នឹងសម្រេចវាសនាប្រទេសថៃក្នុងការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ី (Asian Indoor and Mrtial Arts Games) ឆ្នាំនេះ ដោយគ្មានការអញ្ជើញអ្នកតំណាងនៃប្រទេសនេះ ចូលរួមក្នុងកិច្ចប្រជុំឡើយ។
រឿងចម្រូងចម្រាសរវាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី និង ប្រទេសថៃជាម្ចាស់ផ្ទះនេះ កើតមានឡើងតាំងពីប្រទេសថៃសម្រេចចិត្តដកកីឡាចំនួន ១៤ ប្រភេទចេញពីកម្មវិធីប្រកួត ត្រឹមពេល ៣ ខែមុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម។ តាមព័ត៌មានបានឱ្យដឹងថា ប្រទេសថៃគឺគ្រោងនឹងរៀបចំការប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ីនេះ ចាប់ពីថ្ងៃទី ២១ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនៅទីក្រុងបាងកក និង ខេត្ត Chon Buri។
ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ លោក Chaiyapak Siriwat អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានលើកឡើងថា ការសម្រេចចិត្តរបស់ថៃក្នុងការកាត់បន្ថយចំនួនប្រភេទកីឡាប្រកួតក្នុងព្រឹត្តិការណ៍ឆាប់ៗខាងមុខនេះ គឺជះផលអវិជ្ជមានមកលើប្រទេសខ្លួន។ លោកបានរៀបរាប់ថា ៖ «ប្រសិនបើថៃបាត់បង់សិទ្ធរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ីនេះ វាក៏អាចប៉ះពាល់ដល់សិទ្ធិក្នុងការរៀបចំការប្រកួត SEA Games នៅឆ្នាំក្រោយដូចគ្នា»។
លោក Chaiyapak បានបន្ថែមទៀតថា ៖ «ខាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានទទួលដំណឹងនៅប៉ារីសថា ប្រទេសថៃនឹងមិនដាក់ឱ្យមានការប្រកួតកីឡាវាយសី វាយកូនបាល់ (baseball) បុកប៊ីយែ cheerleading ចាក់សាប (fencing) ប្រកួត hockey ក្នុងសាល ប្រកួត netball ហែលទឹកក្នុងសាល អត្តពលកម្មក្នុងសាល ចែវទូកក្នុងសាល (Indoor Rowing) បាញ់កាំភ្លើង បាល់ទះ លើកទម្ងន់ និង ការប្រកួតកីឡាចំបាប់ ហើយកង្វះថវិកាត្រូវបានចាត់ជាហេតុផលពីក្រោយការសម្រេចចិត្តដកកីឡាទាំងនេះចេញពីកម្មវិធី»។
លោកបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានធ្វើឱ្យគ្រប់គ្នាងឿងឆ្ងល់យ៉ាងខ្លាំង ក៏ព្រោះតែបណ្ដាប្រទេសផ្សេងៗក្នុងអាស៊ី រួមទាំងប្រទេសថៃខ្លួនឯងផងនោះ បានចំណាយថវិកាយ៉ាងច្រើនក្នុងការរៀបចំអត្តពលិករបស់ខ្លួនសម្រាប់ការប្រកួតកីឡាទាំងនេះ។ លោកបានសង្កត់ធ្ងន់ថា ៖ «ការធ្វើបែបនេះ បានធ្វើឱ្យប្រទេសថៃបានបាត់បង់ credit ខ្លួនឯងច្រើន និង ថែមទាំងអាចឱ្យខ្លួនឯងរងប៉ះពាល់ឱកាសជាម្ចាស់ផ្ទះកីឡា SEA Games នៅឆ្នាំក្រោយដូចគ្នា»។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាក្បាច់គុន និង ក្នុងសាលអាស៊ី ដំបូងឡើយគ្រោងនឹងប្រកួតកីឡាសរុប ៣៨ ប្រភេទ ជាមួយមេដាយមាសសរុប ៣៦៤ មេដាយ៕
ប្រភព៖ Bangkok Post