ប្រទេសថៃត្រូវក្រុមប្រឹក្សាអូឡាំពិកអាស៊ី បញ្ឈប់លែងឱ្យធ្វើម្ចាស់ផ្ទះ Asian Indoor and Martial Arts Games ឆ្នាំនេះហើយ
ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានសម្រេចហើយថាព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ដែលគ្រោងនឹងរៀបចំធ្វើក្នុងទីក្រុងបាងកក និង Chonburi នាខែវិច្ឆិកាខាងមុខនេះ ត្រូវបានលុបចោលជាផ្លូវការ។
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អភិបាលនៃអាជ្ញាធរកីឡាប្រចាំប្រទេសថៃ (SAT) បានឱ្យដឹងថា ជំនួយការគ្រប់គ្រងផ្នែកកីឡារបស់រដ្ឋាភិបាលបានទទួលអ៊ីម៉ែលបន្ទាន់មួយពីខាង OCA ដោយបញ្ជាក់ថាព្រឹត្តិការណ៍ប្រកួតកីឡាចម្រុះ Asian Indoor and Maertial Arts Games ត្រូវបានលុបចោលវិញ។
ចំពោះមូលហេតុដែលខាង OCA សម្រេចបញ្ឈប់ប្រទេសថៃក្នុងការធ្វើជាម្ចាស់ផ្ទះនេះ គឺដោយសារតែរបាយការណ៍នៃហិរញ្ញវត្ថុនៅតែមិនបានបញ្ជាក់ច្បាស់លាស់ បូករួមទាំងពេលវេលាកាន់តែតិចកៀកនឹងថ្ងៃប្រកួត។ យ៉ាងណាមិញ បច្ចុប្បន្នទោអត្រូវបាត់បង់សិទ្ធិជាម្ចាស់ផ្ទះក៏ពិតមែន ប៉ុន្តែ OCA នៅតែបើកទ្វារសម្រាប់ប្រទេសថៃក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅពេលអនាគត នេះបើតាមការបញ្ជាក់ពីលោក Gongsak អភិបាលនៃអាជ្ញាធរកីឡាប្រចាំប្រទេសថៃ។
គួរឱ្យដឹងថា អ៊ីម៉ែលរបស់ខាង OCA បានធ្លាក់មកដល់ស្របពេលដែលខាង SAT កំពុងប្រជុំពិភាក្សាពីថ្លៃចំណាយលើការរៀបចំព្រឹត្តិការណ៍ខាងលើនេះនៅការិយាល័យកណ្ដាលនៅតំបន់ Hua Mark កាលពីល្ងាចថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅ។
គួររំឭកដែរថា រឿងចម្រូងចម្រាសរវាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី និង ប្រទេសថៃជាម្ចាស់ផ្ទះនេះ កើតមានឡើងតាំងពីប្រទេសថៃសម្រេចចិត្តដកកីឡាចំនួន ១៤ ប្រភេទចេញពីកម្មវិធីប្រកួត ត្រឹមពេល ៣ ខែមុនព្រឹត្តិការណ៍ប្រកួតចាប់ផ្ដើម ដោយមូលហេតុដោយសារថវិកាមិនគ្រប់៕
ប្រភព៖ Bangkok Post