ឆ្លាតណាស់! ក្មេងប្រុសវ័យត្រឹម ៤ ឆ្នាំ បំបែកកំណត់ត្រាពិភពលោក ក្លាយជាអ្នកនិពន្ធសៀវភៅវ័យក្មេងបំផុត
ក្មេងប្រុសសញ្ជាតិអារ៉ាប់ វ័យត្រឹម ៤ ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាបុគ្គលវ័យក្មេងជាងគេបំផុតដែលនិពន្ធសៀវភៅបោះពុម្ពលក់។
កុមារា Saeed Rashed AlMheiri បានធ្វើការនិពន្ធសៀវភៅមួយមានចំណងជើងថា «The Elephant Saeed and the bear» ដែលសៀវភៅរបស់គេ និយាយរៀបរាប់ពីអំពើល្អ ដែលយកឈ្នះភាពក្រេវក្រោធ រួមទាំងចំណងមិត្តភាពដែលមិនរំពឹងទុករវាងសត្វទាំងពីរ។ សៀវភៅរបស់ក្មេងប្រុសដ៏ឆ្លាតវៃរូបនេះដែរ បានលក់ដាច់រហូតអស់ជាង ១០០០ ក្បាលឯណោះ។
បើតាមសារព័ត៌មាន Khaleej Times បានឱ្យដឹងថា អ្នកគាំទ្រផ្កាប់មុខរបស់គេ ក៏ដូចជាអ្នកណែនាំដ៏ល្អបំផុតសម្រាប់គេនោះ គឺជាបងស្រីវ័យ ៨ ឆ្នាំរបស់គេឈ្មោះ AlDhabi។ AlDhabi ក៏ជាក្មេងដ៏ឆ្លាតវៃម្នាក់ ដែលបំបែកកំណត់ត្រាពិភពលោកដូចជា ជាបុគ្គលវ័យក្មេងបំផុត ដែលចេញផ្សាយសៀវភៅ (លើសពីមួយភាសា)៕