ដាំរុក្ខជាតិទាំងនេះនៅក្នុងផ្ទះ ស្អាតហើយ ជួយសុខភាពផ្លូវអារម្មណ៍ បានមួយអ៊េម
ប្រទាល ឬ រុក្ខជាតិ ក្រៅពីប្រើសម្រាប់តុបតែងផ្ទះឱ្យមានសភាពស្រស់ស្អាតឲ្យមានពណ៌បៃតងហើយនោះ ក្លិនរបស់វាក៏បន្ថែមភាពស្រស់ស្រាយដល់សមាជិកក្នុងផ្ទះបានទៀតផង ។ ម្យ៉ាងទៀតប្រសិទ្ធភាពរបស់រុក្ខជាតិក្នុងផ្ទះទាំងនេះ អាចស្រូបយកសារធាតុពុល និង សារធាតុគីមីរហូតដល់ទៅ ៩០% ។
១. ប្រទាលពីងពាង (Spider Plant)
រុក្ខជាតិប្រភេទនេះគេជឿថាដាំហើយរកស៊ីមានបាន ហើយគឺជាអ្នកប្រយុទ្ធប្រឆាំងនឹងសារធាតុ formaldehyde និង បណ្ដេញខ្យល់ពុលពីផ្ទះទៀតផង ។ ចំពោះការមើលថែងាយស្រួលណាស់ រុក្ខជាតិប្រភេទនេះចូលចិត្តដីដែលខ្សោះទឹកបានល្អ ដោយដាក់ដីផ្សំជាមួយខ្សាច់ ។ វាមិនសូវចូលចិត្តទឹក និង កម្ដៅថ្ងៃច្រើនទេ ឬ ប្រមាណ ២-៣ ថ្ងៃម្ដង វាមិនត្រូវការការថែទាំច្រើនទេ ។
២. ប្រទាលនាគរាជ ឬ ប្រទាលពស់ (Snake Plant)
ប្រទាលនេះ គឺអស្ចារ្យណាស់សម្រាប់ដាក់ក្នុងបន្ទប់គេង ព្រោះវាស្រូបយកកាបូនឌីអុកស៊ីតបញ្ចេញអុកស៊ីសែន ។ ម៉្យាងទៀតវាជារុក្ខជាតិមួយប្រភេទដែលអាចលូតលាស់ក្នុងបន្ទប់ ព្រោះតែវាមិនត្រូវការពន្លឺថ្ងៃ និង ការស្រោចទឹកច្រើនទេ ។ វិធីមើលថែគឺស្រោចទឹកឱ្យបានសប់ល្អតែកុំច្រើនពេក និង ដាក់ឱ្យត្រូវពន្លឺថ្ងៃបន្តិចបន្តួចបានហើយ ។
៣. ផ្កាម្លិះ (Jasmine)
ផ្កាម្លិះជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តដោយសារតែមានសារធាតុជួយបំបាត់ការថប់បារម្ភ និង ព្យាបាលការផ្លាស់ប្តូរអារម្មណ៍ធ្វើឱ្យប្រសើរឡើង ។ វិធីមើលថែគឺស្រោចទឹកមួយថ្ងៃ ២ ដង ព្រឹក ល្ងាច និង ដាក់ថូរឱ្យត្រូវពន្លឺថ្ងៃតែត្រូវមាននអីបាំងខ្លះកុំឱ្យត្រូវមួយថ្ងៃពេញ ។
៤. ផ្កាលីលី (Peace Lily)
ផ្កាលីលី គឺជាផ្កាមួយប្រភេទដែលស្រស់ស្អាតណាស់ សមក្នុងការតុបតែងផ្ទះ ។ រុក្ខជាតិនេះជួយកម្ចាត់ការបំពុលបរិយាកាស ដោយស្រូបយក Toxin បញ្ចេញមកវិញនូវអាកាសបរិសុទ្ធ ប្រៀបបាននឹងមានម៉ាស៊ីនត្រជាក់ក្នុងផ្ទះជួយបង្កើតបានខ្យល់បរិសុទ្ធស្អាត ។ ការមើលថែគឺដាក់ឱ្យត្រូវពន្លឺថ្ងៃខ្លះ ស្រោចទឹកល្មម និង ដាក់ជី ២ ដងក្នុងមួយសប្ដាហ៍ ។
៥. ប្រទាលកន្ទុយក្រពើ (Aloe Vera)
មូលហេតុដែលគួរដាំប្រទាលកន្ទុយក្រពើ (Aloe vera) ក្នុងផ្ទះ ក្រៅពីសាច់របស់វាអាចយកមកបំប៉នស្បែកឱ្យស្រស់ថ្លា ផ្ដល់សំណើមដល់ស្បែកបានហើយ អាចជួយកាត់បន្ថយស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ និង ធ្វើឱ្យខ្យល់អាកាសបរិសុទ្ធ ។ ការមើលថែរស្រោចទឹក ដាក់ឱ្យត្រូវពន្លឺថ្ងៃខ្លះដើមម្បីការពារមិនឱ្យដុះផ្សិតពីសំណើម ។
៦. ប្រទាលដំបងយក្ស (Cactus)
មានភាគតិចណាស់ដែលមានអ្នកចង់ដាំប្រទាលដំបងយក្ស ព្រោះតែវាមានបន្លាតូចៗ ស្រួចៗ ។ ប្រទាលប្រភេទនេះមានប្រយោជន៍ច្រើន ទាំងជួយស្រូបយកកាំរស្មីពីអេក្រង់កុំព្យូទ័រ ប្រសិនជាយកមកតាក់តែងនៅលើតុធ្វើការនឹងជួយការពារសេចក្ដីចង្រៃពីបុគ្គលដែលគិតមិនល្អពីអ្នក ។ ការមើលថែដោយស្រោចទឹកតិចតួច និង ដាក់ឱ្យត្រូវពន្លឺថ្ងៃខ្លះ ៕