ប្រពៃណីប្លែកនៅប្រទេសចិន កូនក្រមុំត្រូវអង្គុយយំមួយម៉ោងរាល់ថ្ងៃ មុនចូលរោងការមួយខែ
ជារឿងរ៉ាវមួយប្លែក សម្រាប់ក្រុមជនជាតិភាគតិចមួយក្រុមនៅក្នុងប្រទេសចិន ដែលមានទំនៀមទម្លាប់ឱ្យកូនក្រមុំដែលត្រៀមចូលរោងការ ត្រូវអង្គុយយំមួយម៉ោងរាល់ថ្ងៃ រហូតដល់ថ្ងៃរៀបការ ព្រោះជឿថានាំមកនូវសេចក្តីសុខនាថ្ងៃអនាគត។
តាមព័ត៌មានបានឱ្យដឹងថា ប្រពៃណីមួយនេះមានមកជាយូរលង់មកហើយ ជាប្រពៃណីប្រចាំជនជាតិភាគតិច Tu Ji Ah ដែលជាជនជាតិរស់នៅខេត្តស៊ីឈួន វាជាប្រពៃណីធ្លាប់ល្បីតាំងពីជំនាន់ស្តេចឈីងឯណោះ។
មកទល់ពេលនេះ បើទោះជាមិនសូវមានអ្នកនិយមធ្វើពិតមែន តែវាក៏ត្រូវបានគេចាត់ទុកថាជាប្រពៃណីសំខាន់មួយដដែល។ យ៉ាងណាមិញ ចាស់ទុំក្នុងស្រុកបានឱ្យដឹងថា កូនក្រមុំត្រូវយំក្នុងពិធីរបស់ខ្លួន បើមិនដូច្នោះទេនឹងត្រូវញាតិមិត្តមើលងាយ អ្នកខ្លះទៀតក៏ត្រូវម្តាយវាយដំព្រោះមិនយំ ហើយគេនៅមានជំនឿទៀតថា ការយំអាចសន្និដ្ឋានពីភាពឆ្លាតរបស់កូនក្រមុំបានទៀតផង។
ដោយឡែក មិនត្រឹមតែកូនក្រមុំប៉ុណ្ណោះទេដែលអាចយំបាន សូម្បីតែញាតិមិត្តបងប្អូនទាំងឡាយក៏អាចចូលរួមយំជាមួយបានដែរ។ លើសពីនេះទៅទៀត ក្មេងស្រីៗអាយុ ១៥ ទៅ ១៦ ឆ្នាំ ភាគច្រើ ត្រូវបានគេហ្វឹកបង្រៀនឱ្យយំរួចទៅហើយ គឺដើម្បីត្រៀមចូលរោងការនៅថ្ងៃអនាគត៕