បុរសម្នាក់កំពូលខ្ជិលត្រូវប្រពន្ធបោះបង់ចោល អត់អាហារក៏សម្រេចចិត្តចេញនេសាទ ស្រាប់តែមកវិញក្លាយជាអ្នកមាន
សារព័ត៌មាន Sanook នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ នេះ បានចុះផ្សាយថា នៅក្នុងភូមិនេសាទតូចមួយក្នុងខេត្ត Fujian នៃប្រទេសចិន មានបុរសម្នាក់ឈ្មោះ Ha រស់នៅតែម្នាក់ឯង ដោយសារតែឪពុកម្តាយរបស់លោកបានស្លាប់តាំងពីលោកនៅតូច រហូតដល់មានប្រពន្ធ ហើយប្រពន្ធក៏រត់ចោលទៀត ព្រោះលោកមិនចេះធ្វើអ្វី និង ក្រ ប៉ុន្តែសុខៗលោកក៏ក្លាយជាអ្នកមានម្នាក់ដោយមិនដឹងខ្លួន។
យោងតាមប្រភពពព័ត៌មានបានឱ្យដឹងថា លោក Ha ពីដើមមកមិនធ្វើការអ្វីទេ ផឹកតែស្រារាល់ថ្ងៃ លុះពេលគ្មានអ្វីបរិភោគ លោកក៏ចេញទូកនេសាទទៅរកត្រីមកលក់ លក់ហើយក៏យកលុយទិញស្រាបន្តទៀត ប៉ុន្តែថ្ងៃមួយលោកក៏បានចេញទូកទៅសមុទ្រនេសាទត្រីធម្មតា ស្រាប់តែពេលលោកនេសាទយូរទៅ លោកក៏បានឃើញមានអ្វីម្យ៉ាងពណ៌សកំពុងអណ្ដែត ទើបលោកសម្រេចចិត្តទៅមើល ក៏ឃើញថានោះគឺជាខ្មោចត្រី រួចក៏លើកវាដាក់ទូកត្រឡប់មកផ្ទះវិញ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ដោយសារតែត្រីនោះធំពេក លោក Ha មិនដឹងធ្វើយ៉ាងណាយកវាមកបានក៏បានចងត្រីនោះនៅខាងក្រោយទូក ដោយខ្សែពួររួចអូសវាទៅច្រាំងយឺតៗ។ លុះពេលដល់ច្រាំងលោកក៏បានសុំឱ្យគេជួយលើកត្រីឡើងគោក ស្រាប់តែមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ព្រោះត្រីនោះបានកម្រើក វាមិនបានងាប់ទេ ហើយគ្រប់គ្នាក៏បានប្រាប់លោកថា លោកមានលាភហើយ ដោយសារវាជាត្រីមាត់លឿង ឬ ត្រី Huangchun (黄唇鱼) ដែលមានតម្លៃថ្លៃបំផុត ព្រោះជាត្រីប្រភេទល្បីលើទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះដែរ មនុស្សម្នាជាច្រើនក៏បានចាប់ផ្ដើមដេញថ្លៃត្រីមាត់លឿង ដែលលោក Ha បានរកបាន ស្រាប់តែលោកយកត្រីនោះចេញទៅលក់នៅកន្លែងផ្សេងវិញ ធ្វើឱ្យឈ្មួញជាច្រើនមកមើល និង ដេញថ្លៃលើសពីកន្លែងមុន ដោយត្រីនេះមានទម្ងន់ដល់ទៅ ៧២.៥ គីឡូក្រាម ទើបវាត្រូវបានគេឱ្យតម្លៃដល់ទៅ ៣ លានយ័ន បណ្ដាលឱ្យលោក Ha សប្បាយចិត្តជាខ្លាំង។
គួរឱ្យដឹងដែរថា លោក Ha ដែលធ្លាប់ត្រូវបានគេសើចចំអក ព្រោះភាពអសមត្ថភាពមិនចេះធ្វើអ្វី និង ត្រូវប្រពន្ធរត់ចោល បានធ្វើឱ្យមនុស្សជាច្រើនក្នុងភូមិនាំគ្នាច្រណែន រហូតដល់លោកបានចាកចេញពីភូមិស្ងាត់ៗ៕
ប្រភព ៖ Sanook