នៅថៃឥលូវ មានខ្ទមសម្រាប់បូជាតុក្កតា Doraemon មានអ្នកទៅបន់លេងៗ តែបានដូចចិត្តមែនទែន
ថ្មីៗនេះ មហាជនថៃកំពុងតែហួសចិត្ត អស់សំណើចជាមួយនឹងខ្ទមអ្នកតាមួយកន្លែង ដែលមានអ្នកនឹកឃើញយកតុក្កតាដូរ៉េម៉ុនទៅដាក់បូជារហូតក្លាយជាខ្ទមអ្នកតាដូរ៉េម៉ុន មានអ្នកទៅបន់លេងៗសោះ តែបានសម្រេចដូចបំណង។
តាមព័ត៌មានបានឱ្យដឹងថា ខ្ទមមួយកន្លែងនេះ ស្ថិតនៅក្នុងបរិវេណសណ្ឋាគារមួយកន្លែង នាទីក្រុងបាំងកក ដែលដើមឡើយគ្រាន់តែជាខ្ទមអ្នកតាកុមារ ៣ នាក់ប៉ុណ្ណោះ តែដោយសារតែមានអ្នកមកបន់ចេះបានសម្រេច ទើបគេក៏យកតុក្កតាដូរ៉េម៉ុនមកថ្វាយច្រើនទៅៗ រហូតមើលទៅក្លាយជាខ្ទមអ្នកតាដូរ៉េម៉ុនទៅហើយ។
ដោយឡែក ថ្មីៗនេះ ខាងស្ថានទូតជប៉ុនក៏បានចុះទៅមើលខ្ទមនេះដល់កន្លែងទៀតផង ហើយក៏បានចែកចាយពីឥទ្ធិពលរបស់តុក្កតាដូរ៉េមុន ដែលជាទីពេញនិយមរបស់មនុស្សម្នាតាំងពីយូរមកហើយផងដែរ៕