ទុកកូនឱ្យប្ដីមើលមួយថ្ងៃ ពេលមកដល់ផ្ទះវិញស្ទើរគាំងបេះដូង ព្រោះសភាពផ្ទះមិនខុសពីចោរចូលគាស់
ស្រ្តីជនជាតិចិន ម្នាក់កាលពីពេលថ្មីៗនេះបានបង្ហោះរូបភាពសភាពផ្ទះរបស់នាង ពេលដែលនាងមិននៅផ្ទះ ហើយទុកកូនស្រីឱ្យប្ដីមើលមួយថ្ងៃ ពេលឃើញហើយមហាជនអត់ទ្រាំសើចមិនបាន។ ថ្មីៗនេះ អ្នកម្តាយម្នាក់បានបង្ហោះអត្ថបទមួយក្នុងបណ្ដាញសង្គមក្នុងប្រទេសចិន ដោយបានត្អូញត្អែរពីប្តីរបស់នាងថា ក្រោយពីនាងចាកចេញពីផ្ទះ ទុកឱ្យប្ដីនៅមើលថែកូនស្រីតែម្នាក់ត្រឹមមួយថ្ងៃសោះ សភាពផ្ទះមិនខុសពីត្រូវបានចោរចូលគាស់ទេ តើប៉ាៗមើលកូនដោយរបៀបណា? ហើយកូនស្រីដ៏ល្អរបស់ម៉ាក់ធ្វើអ្វីខ្លះ?
បញ្ហា ដែលនារីម្នាក់ទុកកូនឱ្យនៅតែពីរនាក់ប្ដីបានក្លាយជាការបង្ហោះមួយ ដែលបានទាក់ទាញអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនឱ្យចាប់អារម្មណ៍ និង អស់សំណើចជាខ្លាំង ព្រោះតាមរូបភាពបង្ហោះបានឱ្យឃើញថា បន្ទប់ហាក់មានភាពរញ៉េរញ៉ៃខ្លាំង ដូចព្យុះមួយដ៏ខ្លាំងបានបោកបក់ចូល។ អ្វីគ្រប់យ៉ាង ដែលធ្លាប់រក្សាទុកយ៉ាងស្អាតនៅលើធ្នើរ ឬទូ បែរជាធ្លាក់ខ្ចាត់ខ្ចាយពង្រាយគ្រប់ទីកន្លែង តាំងពីសំលៀកបំពាក់ គ្រឿងសម្អាង ខោទឹកនោម ប្រដាប់ក្មេងលេង និង ខ្នើយកូនជជាដើម សុទ្ធនៅពាសពេញឥដ្ឋការ៉ូ មើលហើយឈឺក្បាល។
ទន្ទឹមនឹងនេះដែរ ស្រ្តីជាម្ដាយបានបន្តរៀបរាប់ទៀតថា ៖ «ពេលចូលមកផ្ទះឃើញសភាពបែបនេះចង់ខ្យល់ចាប់ ដល់ពេលក្រឡែកមើលទៅប្ដីវិញ កំពុងតែអង្គុយចុចកុំព្យូទ័រយ៉ាងស្ងៀមស្ងាត់ ដូចគ្មានអ្វីកើតឡើង ខណៈដែលមានកូនស្រីនៅឈរតោងកៅអីក្បែរនោះ ហើយបន្តិចក្រោយមកក៏រត់ត្រុយ ទៅរកលេងនេះលេងនោះហាក់ដូចមិនចេះហត់អ្វីសោះ» ដោយស្រ្តីរូបនាងដដែលក៏បានបង្ហាញអារម្មណ៍មួយបែបហួសចិត្តបន្តិច ខឹងបន្តិច និង អស់សំណើចបន្តិច។
យ៉ាងណាមិញ ក្រោយពីស្រ្តីជាម្ដាយរូបនេះបានបង្ហោះរូបភាពទាំងនេះចូលក្នុងបណ្ដាញសង្គមរបស់ខ្លួនរួចមក វាត្រូវបានអ្នកលេងអ៊ីនធឺណេតជាច្រើន មើលហើយទប់សំណើចមិនបាន ហើយក៏មានអ្នកខ្លះចូលបញ្ចេញមតិថា ៖ «នេះហើយជាលទ្ធផលទុកឱ្យប្ដីមើលកូនតែម្នាក់ឯង» ខ្លះទៀតលើកឡើងថា ៖ «លទ្ធផលទុកកូននៅជាមួយឪពុករបស់ពួកគេគែវាបែបនេះ ព្រោះក្មេងពិបាកគ្រប់គ្រងណាស់ ជាពិសេសក្មេងស្រី ប៉ាៗរបស់ពួកគេមិនអាចស្ដីឱ្យ ឬវាយកូនបានទេ ទើបសភាពទៅជាបែបនេះ» ខណៈដែលអ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនក៏បានចែករំលែករឿងរ៉ាវស្រដៀងគ្នារបស់ពួកគេពាក់ព័ន្ធនឹងកូនតូចដូចគ្នាដែរ៕