នៅមិននៅ! តាំងខ្លួនថាបារមី ស៊ុន អ៊ូខុង ចូលសណ្ឋិត អុកឡុកពេញព្រះវិហារ ចុងក្រោយលុតជង្គង់សុំទោស
ថ្មីៗនេះ ឃ្លីបវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅប្រទេសម៉ាឡេស៊ី ដោយមានក្មេងប្រុសវ័យ ១៧ ឆ្នាំម្នាក់ បានតាំងខ្លួនឯងត្រូវបារមីស្តេចស្វា ស៊ុន អ៊ូខុង ចូលខ្លួន កាច់មុខកាច់មាត់ លើកដៃលើកជើង អុកឡុកពេញទាំងក្នុងព្រះវិហារមួយកន្លែងនៅក្រុង Johor Bahru។
តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញថា ក្មេងជំទង់រូបនោះ ដំបូងឡើយអង្គុយលើកៅអីមួយ ក្រោយមកក៏បិទភ្នែក មុនញាក់ខ្លួនហក់លោត អេះដៃអេះខ្លួន សម្ដែងធ្វើឱ្យដូចជាស្តេចស្វា ស៊ុន អ៊ូខុង តែម្ដង។ ជាងនេះទៅទៀត ក៏មានបុរសម្នាក់ចូលរួមចូលដៃជាមួយ ដឹកនាំផ្លូវក្មេងដែលតាំងខ្លួនមានបារមីចូលសណ្ឋិតនោះ ដើរក្នុងព្រះវិហារ ទៅកាន់ធូប សម្ដែងការគោរពដល់ព្រះម៉ែម៉ាជូ (Mazu) ដែលជាម្ចាស់នៃព្រះវិហារនេះ។ ក្មេងប្រុសរូបនោះ ថែមទាំងដើរទៅកាន់តុសក្ការៈ ធ្វើមាត់ជីបអូចដូចកំពុងសូត្រធម៌អ្វីម្យ៉ាង យ៉ាងទំនងដូចពិតៗ។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយថ្ងៃកើតហេតុ ខាងគណៈកម្មការគ្រប់គ្រងព្រះវិហារ ក៏បានធ្វើការបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ក្មេងដែលតាំងខ្លួនត្រូវបារមី ស៊ុន អ៊ូខុងចូលនោះ បានចេញមុខមកលុតជង្គង់សុំទោស ដោយទទួលស្គាល់កំហុស ដែលបានបង្កភាពអសណ្ដាប់ធ្នាប់ក្នុងព្រះវិហារនោះ៕