ដើររកឧសប្រទះឈើរលួយចម្លែកមួយដុំ តាមពិតជាត្បូងមានតម្លៃអាយុ ១០០ លានទៅ ២៥០ លានឆ្នាំមុន
បុរសម្នាក់ដើររើសឧសសុខៗ ប្រទះឃើញដុំឈើរលួយពណ៌ចម្លែកមួយដុំ រួចក៏បានយកវាទៅផ្ទះ ហើយលាងសម្អាតទុក ស្រាប់តែកើតមានការភ្ញាក់ផ្អើលខ្លាំង ព្រោះឈើពុកនោះ ប្រែទៅជាត្បូងចម្លែក ដែលមានតម្លៃមិនធម្មតា។
យោងតាមការចុះផ្សាយព័ត៌មានមួយបានឱ្យដឹងថា បុរសម្នាក់នៅខេត្តហ៊ូណាន នៃប្រទេសចិន ពេលកំពុងតែដើររកឧស ស្រាប់តែឃើញដុំឈើរលួយមួយដុំ ក៏រើសយកទៅផ្ទះ ស្រាប់តែពេលមើលយូរៗទៅ វាប្រែជាមានពណ៌បៃតងបន្តិច លុះពេលលើកឡើងមានទម្ងន់រាងធ្ងន់ជាងឈើធម្មតា ក៏សម្រេចចិត្តយកវាទៅលាងទឹកទុកនៅផ្ទះ។
ជាមួយគ្នានេះដែរ ប្រភពព័ត៌មានបានឱ្យដឹងដែរថា ក្រោយពីសម្អាតរួចដុំឈើចម្លែក ដែលមើលទៅប្រេះស្រាំក៏ប្រែទៅជាថ្មកែវមរកតដ៏ស្រស់ស្អាតមួយ ធ្វើឱ្យបុរសនោះមានអារម្មណ៍ច្របូកច្របល់ជាខ្លាំង ព្រោះលោកមិនយល់ទេថា នោះជាឈើ ឬជាថ្មឱ្យប្រាកដ។ ក្រោយមក អ្នកជំនាញ Phenomenon ក៏បានឱ្យដឹងថា ៖ «នោះគឺជា ឈើ Petrified ដែលត្រូវបានចាត់ទុកថាជាបាតុភូតធម្មជាតិចម្លែកមួយ ដែលបានកើតឡើងនៅក្រោមដីរាប់លានឆ្នាំមកហើយ ព្រមទាំងត្រូវបានឱ្យតម្លៃស្មើនឹងមាស ហើយវាក៏មានប្រភពចេញពីព្រៃបុរាណ ក្រោយពីរងឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង រហូតដល់ដើមឈើទាំងនេះត្រូវបានកប់ក្នុងកម្អែភ្នំភ្លើងរាប់លានឆ្នាំ ហើយបានប្រែក្លាយជាត្បូងបណ្តើរៗបែបនេះ»។
មិនតែប៉ុណ្ណោះ ប្រភពដដែលបានឱ្យដឹងទៀតថា ដើមឈើដែលប្រែជាត្បូងទាំងនេះ ភាគច្រើនមាននៅសម័យ Triassic និង Jurassic ប្រហែលពី ១០០ លានទៅ ២៥០ លានឆ្នាំមុន និង ត្រូវបានគេជឿថា ពណ៌នៃដើមរបស់រុក្ខជាតិ Jade ក៏មានភាពចម្រុះផងដែរ ខណៈដែលពណ៌ប្រផេះ និង ពណ៌ត្នោតគឺជា ពណ៌ទូទៅបំផុត ប៉ុន្តែឈើនោះក៏មានពណ៌ក្រហម លឿង-ទឹកក្រូច ខ្មៅ និង កម្របំផុតគឺ ពណ៌បៃតង។
គួរឱ្យដឹងដែរថា មនុស្សជាច្រើនបានយកវាទៅធ្វើជាត្បូងដាក់ចិញ្ចៀន ដូចមានតាំងពីសតវត្សរ៍ទី ១៩ និង ទី ២០ មកម្ល៉េះ ព្រមទាំងត្រូវបានគេច្នៃជា តុតូចៗ ថូផ្កា និង ជើងចង្កៀង ហើយបើប្រៀបធៀបទៅនឹងបន្ទះឈើទូទៅ ឈើ Jade នេះមានតម្លៃជាងឈើដទៃ៕