យាយប្រាប់ថាជាក្រវិលបានមកពីវាំង តែមិនជឿក៏យកឱ្យអ្នកជំនាញពិនិត្យ ចុងក្រោយទើបដឹងជាវត្ថុមានតម្លៃបំផុត
នៅវគ្គចុងក្រោយនៃកម្មវិធីវិភាគ និង វាយតម្លៃវត្ថុបុរាណនៃប្រទេសចិន កាលពីពេលថ្មីៗនេះ មាននារីវ័យក្មេងម្នាក់បានឡើងលើឆាក ដោយដៃកាន់ក្រវិលមួយគូមកជាមួយ រួចសុំឱ្យអ្នកជំនាញពិនិត្យមើលថា ជារបស់មកពីសម័យរាជវង្ស Qing ដែរឬទេ? ដោយពេលនោះ នាងបានប្រាប់ឱ្យដឹងថា វាធ្លាប់ជាថ្លៃបណ្ណាការរបស់លោកយាយនាងជូនមកនាង ប៉ុន្តែក្រោយមក គាត់ក៏បានឱ្យវាជាកាដូក្នុងថ្ងៃមង្គលការរបស់នាង។
ជាមួយគ្នានេះដែរ នារីវ័យក្មេងរូបនោះក៏បានបញ្ជាក់ទៀតថា ៖ «លោកយាយរបស់ខ្ញុំបានប្រាប់ថា ក្រវិលមួយគូនេះមានតម្លៃណាស់ ដោយសារតែពួកអភិជនជាច្រើនធ្លាប់បានពាក់វាក្នុងកំឡុងរាជវង្ស Qing មុនពេលត្រូវបានបន្តវេនមកដល់គាត់» ដែលសម្ដីនេះបានធ្វើឱ្យអ្នកជំនាញហាក់បង្ហាញការភ្ញាក់ផ្អើលជាខ្លាំង រួចក៏បានសួរទៅនាងថា ៖ «តើលោកយាយរបស់អ្នកជាអ្នកណា? ព្រោះបើតាមការបញ្ជាក់របស់អ្នក ជីដូនជីតារបស់លោកយាយនេះ ប្រហែលជាមានទំនាក់ទំនងជាមួយស្តេចបុរាណខ្លះហើយ បើសិនក្រវិលទាំងនេះ ពិតជាវត្ថុមានតម្លៃមិនអាចកាត់ថ្លៃបានមែន ឬក្រវិលទាំងនោះជារបស់ពួកស្មៀន និង ស្រីបម្រើក្នុងវាំង»។
យ៉ាងណាមិញ នៅពេលអ្នកជំនាញសួរសំណួរនេះ នារីរូបនោះបានត្រឹមឆ្លើយថា នាងមិនដឹងច្បាស់ទេ ដឹងត្រឹមថានេះគឺជាក្រវិលបន្សល់ទុកពីមួយជំនាន់មកមួយជំនាន់ ហើយនេះក៏ជាហេតុផល ដែលនាងមកចូលរួមក្នុងកម្មវិធីនេះ ដើម្បីដឹងឱ្យច្បាស់ថា តើវាពិតជាទ្រព្យសម្បត្តិក្នុងរាជវង្ស Qing ពិតមែនឬ? ហើយក្នុងអំឡុងពេលដំណើរការវាយតម្លៃ អ្នកជំនាញក៏បានអនុញ្ញាតឱ្យទស្សនិកជនក្នុងស្ទូឌីយោបានបញ្ចេញមតិរបស់ពួកគេ ស្រាប់តែពេលនោះមានទស្សនិកជនម្នាក់ក្រោកឈរឡើងនិយាយថា ៖ «ខ្ញុំគិតថាក្រវិលនេះ ប្រហែលជាក្លែងក្លាយ ព្រោះពេលមើលដោយភ្នែក ពណ៌ផ្ទៃរបស់ក្រវិលគឺ ស្រអាប់ ប្រសិនបើវាជាក្រវិលពីរាជវង្ស Qing មែននោះ ពណ៌លឿងនៃមាសត្រូវតែភ្លឺផ្លេក»។
ទន្ទឹមនឹងនោះ ក្រោយពីអ្នកជំនាញបានស្តាប់ចប់ហើយ ក៏បានសរសើរទស្សនិកជនម្នាក់នោះថា ពូកែ រួចក៏ប្រាប់នារីជាម្ចាស់ក្រវិលវិញថា ៖ «ក្រវិលមួយគូនេះមិនមែនមកពីរាជវង្ស Qing ទេ ដោយសារតែក្រវិលរាជវង្ស Qing នឹងមិនអាចទុកបានរយៈពេលយូរបែបនេះទេ» ដែលការបញ្ជាក់នេះបានធ្វើឱ្យនារីនោះហាក់ខកចិត្តជាខ្លាំង ប៉ុន្តែក្នុងពេលនោះដែរ អ្នកជំនាញក៏បានពន្យល់ដែរថា មូលហេតុ ដែលលោកយាយនាងបានឱ្យក្រវិលនេះដល់នាងក្នុងថ្ងៃរៀបការគឺមានអត្ថន័យផ្សេង ពោលគឺរូបរាងក្រវិលទាំងនេះ ជានិមិត្តសញ្ញា ដែលមានន័យថា «សំណាងល្អ» និង «មានកូនចៅច្រើន» ដោយនេះមានន័យថា លោកយាយរបស់នាងគ្រាន់តែឱ្យចៅរបស់គាត់មានជីវភាពធូរធារ និង សប្បាយរីករាយនៅថ្ងៃអនាគតប៉ុណ្ណោះ។
មិនតែប៉ុណ្ណោះ អ្នកជំនាញបានបញ្ជាក់ទៀតថា នេះជាកាដូអាពាហ៍ពិពាហ៍ដ៏មានតម្លៃ និង មានន័យបំផុត ហើយសំខាន់បំផុតនោះ គឺជាមរតកគ្រួសារ ដូច្នេះហើយនាងគួរតែស្រឡាញ់ និង មើលថែវាទុកបន្តទៀត៕