បរិយាកាសប្លែក! បាមួយនៅជប៉ុន បើកដោយព្រះសង្ឃ ភ្ញៀវអាចផឹកកម្សាន្តហើយអាចរៀនព្រះធម៌បានទៀត
នៅក្នុងតំបន់ Yotsuya ដោយចំណាយពេលត្រឹម ៥ នាទីតាមរថភ្លើងពីស្ថានីយ Shinjuku ប្រទេសជប៉ុន មានបាមួយកន្លែងដែលទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំង។
បាដ៏ប្លែកទាក់ទាញមួយនេះដែរ មានឈ្មោះថា «Vowz Bar» ដែលដំណើរការដោយព្រះសង្ឃ។ ក្នុងបានោះដែរ មានបម្រើភ្ញៀវសព្វគ្រប់បែបយ៉ាង រាប់ទាំងគ្រឿងផឹក និង អាហារសម្រន់នានាដែលជាអាហារបួស។ យ៉ាងណាមិញ អ្វីដែលពិសេសខុសប្លែកពីបាទូទៅនោះ ក្នុងបាមួយនេះក៏ជាកន្លែងស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់សិក្សាព្រះធម៌។
Vowz Bar បានបើកដំណើរដំបូងក្នុងឆ្នាំ ២០០០ ដោយគោលបំណងនៃការបើកបានេះ គឺដើម្បីផ្ដល់ការងាយស្រួលដល់អ្នកដែលចង់សិក្សាពីសាសនាព្រះពុទ្ធ។ ការដំណើរការចេះតែរលូន និង រីកលូតលាស់ឡើងៗរហូតមកទល់បច្ចុប្បន្ន ដោយមានភ្ញៀវមកពីគ្រប់ផ្នែកចង់សាកចង់ដឹង។
គួរបញ្ជាក់ផងដែរថា ព្រះសង្ឃក្នុងប្រទេសជប៉ុន មានលក្ខណៈខុសប្លែកពីព្រះសង្ឃតាមបណ្ដាប្រទេសមួយចំនួនដូចកម្ពុជា ថៃ ជាដើម ដោយព្រះសង្ឃក្នុងប្រទេសនេះ អាចឆាន់សូរា ធ្វើសូរា ឬ បើកអាជីវកម្មផ្ទាល់ខ្លួនបានដូចជនសាមញ្ញទូទៅធម្មតា៕
ប្រភព៖ MATCHA