ស្រមោចរោមស្ករ! តែមានឆ្ងល់អត់ហេតុអ្វីរោងចក្រផលិតស្ករ គ្មានស្រមោចណាហ៊ានចូលទៅរោមសោះ?
ជាធម្មតាស្រមោច និង ស្ករ ពិបាកនឹងបំបែកចេញពីគ្នាណាស់ ទោះខំយកលាក់ យកទុកឱ្យបានត្រឹមត្រូវយ៉ាងណា ក៏ស្រមោចនៅតែរកផ្លូវចូលស៊ីចូលរោមឱ្យទាល់តែបាន ប៉ុន្តែមានដែរឆ្ងល់ទេថាហេតុអ្វីរោងចក្រផលិតស្ករប៉ុនណាណី មានស្កររាប់ពាន់រាប់ម៉ឺនគីឡូ តែបែរជាសត្វស្រមោចមិនហ៊ានចូលទៅស៊ីទៅវិញ?
តាមពិតទៅ យើងដឹងហើយរោងចក្រតែងតែមានការប្រើគ្រឿងម៉ាស៊ីនច្រើនណាស់ក្នុងការផលិត ជាពិសេសរោងចក្រផលិតស្ករនេះ ក៏ត្រូវការគ្រឿងម៉ាស៊ីនទាំងអស់ដូចគ្នា។ ក្នុងនោះ ការដំណើរការរបស់គ្រឿងម៉ាស៊ីនទាំងនេះ នឹងធ្វើឱ្យរោងចក្រមានការឡើងកម្តៅក្តៅខ្លាំង ដូច្នេះហើយ ទើបគ្មានសត្វស្រមោចមួយក្បាលណាហ៊ានចូលមកនោះទេ ពោលគឺវាខ្លាចក្តៅ។
ម្យ៉ាងទៀត នៅកន្លែងស្តុកស្ករ ក៏គេធ្វើឱ្យមានសំណើមទាបបំផុត ដើម្បីរក្សាស្ករកុំឱ្យវាកកផងដែរ ទើបសត្វស្រមោចក៏វាមិនហ៊ានចូលមកទីនេះ។ សរុបទៅ ស្រមោចវាខ្លាចភាពក្តៅ និង ភាពគ្មានសំណើម ដូច្នេះហើយទោះរោងចក្រមានស្ករពូនដូចភ្នំទៀត ក៏វាមិនខ្ចីហ៊ានចូលនោះដែរ៕