ឆ្ងល់យូរហើយ ម៉េចបានអាចម៍ជីងចក់មានគ្រាប់ពណ៌សៗ តាមពិតមកពីបែបនេះសោះ
បើសិនជាធ្លាប់សង្កេត ប្រិយមិត្តប្រាកដជាឃើញហើយថា អាចម៍ជីងចក់ហាក់ប្លែកពីគេ ព្រោះវាមានពីរដុំ គឺមានមួយដុំខ្មៅ ជាដុំធំជាងគេ ហើយមានមួយដុំទៀត ជាគ្រាប់សតូចនៅក្បែរនោះ។ ទាក់ទងនឹងរឿងនេះ ប្រាកដជាមានអ្នកខ្លះឃើញហើយក៏ហីៗ ឯអ្នកខ្លះទៀតក៏កើតការឆ្ងល់ផងដែរ ថាគ្រាប់នោះជាគ្រាប់អ្វី? តោះមកដឹងចម្លើយទាំងអស់គ្នា។
តាមពិតទៅសត្វជីងចក់ វាជុះនោម និងជុះលាមកពីអវយវភេទតែមួយ ទើបធ្វើឱ្យកាកសំណល់របស់វាដែលចេញមក មានពីរដុំព្រមគ្នា។ ក្នុងនោះ ដុំដែលធំនោះ ប្រាកដណាស់ គឺជាលាមករបស់វាពិតប្រាកដ ប៉ុន្តែដុំដែលជាពណ៌សតូចនោះ គឺជាដុំអាស៊ីតអ៊ុយរិក ដែលជាទឹកនោមរបស់វាទៅវិញទេ។ ដោយសារតែជីងចក់ វាស៊ីតែអាហារ និងមិនផឹកទឹក ទើបរាងកាយរបស់វាត្រូវការពារការបាត់បង់ជាតិទឹក ដោយស្រូបជាតិទឹកអាហារដែលវាបានស៊ី និងបញ្ចេញមកវិញក្នុងពេលតែមួយ។ សរុបទៅ ដុំពណ៌ខ្មៅ គឺជាលាមកពិតប្រាកដ ចំណែកឯដុំពណ៌ស គឺជាទឹកនោមរបស់សត្វជីងចក់៕