អាយុ ៣៨ ឆ្នាំហើយមិនព្រមយកប្រពន្ធ រហូតឪពុកខ្មាសគេពេញភូមិ ខឹងពេកដេញឱ្យទៅបួស
ថ្មីៗនេះបុរសជនជាតិចិនម្នាក់ បានទម្លាយពីរឿងរ៉ាវដ៏ហួសចិត្តរបស់ខ្លួន ដែលត្រូវឪពុកខឹង និង ដេញឱ្យទៅបួស អាងថានៅក៏គ្មានប្រយោជន៍ ព្រោះអាយុ ៣៨ ឆ្នាំហើយ នៅមិនទាន់មានសង្សារ ឬ នឹកនាចង់ការប្រពន្ធ។
បុរសរូបនេះ បានរៀបរាប់ឱ្យដឹងថា ដ្បិតតែអាយុ ៣៨ ឆ្នាំ និង មិនទាន់មានប្រពន្ធក្តី តែជីវិតរបស់ខ្លួនពោរពេញទៅដោយក្តីសុខ ភាពស្ងប់សុខ។ ខ្លួនមានឡាន មានលុយកាក់សន្សំផ្ទាល់ខ្លួន និង មានផ្ទះរស់នៅដាច់តែឯង ដោយមិនសូវរវីរវល់ជាមួយសង្គមខាងក្រៅប៉ុន្មាននោះទេ។ ខ្លួនពេញចិត្តនឹងជីវិតបែបនេះណាស់ ប៉ុន្តែឪពុកមិនយល់ឃើញដូច្នោះឡើយ។
នៅពេលដែលឪពុកដឹងថាខ្លួនបានប្រើប្រាស់ជីវិតបែបនេះ គាត់បានខឹង និង ខ្មាសគេខ្លាំងណាស់ ព្រោះមិនមានអ្វីទៅអួតគេ ពេលដែលញាតិមិត្តបងប្អូនសួរពីជីវិតរៀបការរបស់កូនប្រុស។ មានម្តងនោះ ឪពុកបានដេញខ្លួនឱ្យទៅបួសឱ្យបាត់ៗ បើសិនជាមិនព្រមរៀបការ ព្រោះគាត់មិនចង់ឃើញជីវិតរបស់កូនប្រុសចាញ់ប្រៀបគេនោះទេ។ យ៉ាងណាមិញ ដោយសារតែឪពុករំអុកខ្លាំងពេក បុរសខាងលើក៏បានចេញទៅធ្វើការខាងក្រៅ ដើម្បីឱ្យបានជួបមនុស្សច្រើនជាងមុន ប៉ុន្តែរឿងស្នេហាគូស្រករយ៉ាងណានោះក៏មិនទាន់ដឹងឡើយ៕