ប្តីជាចោរត្រូវប៉ូលិសចាប់បាន ឯប្រពន្ធមកមើលហើយពាក់របស់ប្តីលួចបានជ្រែកខ្លួន មានអីប៉ូលិសចាប់ចូលគុកទាំងពីរ
មហាជននៅតាមបណ្តាញសង្គមថៃ កំពុងតែហួសចិត្ត និង អស់សំណើចមិនតិចឡើយសម្រាប់ករណីមួយ ដែលប្តីជាចោរត្រូវប៉ូលិសចាប់បាន ហើយប្រពន្ធមកមើល ឆ្លៀតពាក់របស់ប្តីលួចបានមកជាមួយ មានអីបានជាភស្តុតាងចូលគុកទាំងពីរនាក់។
តាមព័ត៌មានបានឱ្យដឹងថា បុរសជាប្តីជាមុខសញ្ញាចោរលួចជាច្រើនករណីមកហើយ តែក៏គេចខ្លួនបានជារឿយៗ។ រហូតក្រោយមក ខាងអាជ្ញាធរក៏បាននាំគ្នាប្រតិបត្តិការណ៍ស៊ើប និង ចុះទៅចាប់ខ្លួនដោយផ្ទាល់នៅកន្លែង ដែលគេស្នាក់នៅតែម្តង។ ក្នុងនោះ ចោររូបនេះត្រូវបានអាជ្ញាធរឃាត់ខ្លួនមកប៉ុស្តិ៍ដើម្បីសួរនាំ ស្រាប់តែក្រោយមកក៏មានស្រ្តីម្នាក់អះអាងជាប្រពន្ធសុំចូលមកសួរសុខទុក្ខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នាងមានពាក់សុទ្ធតែគ្រឿងអលង្ការពេញខ្លួន មានទាំងខ្សែដៃ នាឡិកា ខែ្ស-ក ដែលធ្វើប៉ូលិសមានការសង្ស័យជាខ្លាំង ហើយក៏បានឃាត់ខ្លួននាងទុកសិន។
ពេលសួរនាំទៅ នាងបានប្រាប់ថាប្តីជាអ្នកទិញឱ្យ ប៉ុន្តែក្រោយមកក៏មានអ្នកមកអះអាងថា របស់ដែលនាងពាក់នៅនឹងខ្លួនគឺជារបស់ដែលគេបានបាត់ទៅ។ ចុងក្រោយទាំងពីរនាក់ប្តីប្រពន្ធ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនទុក នឹងត្រៀមដំណើរការក្តីបន្តទៀតទៅតាមផ្លូវច្បាប់ផងដែរ៕