ខឹងអ្នកទិញផុសដៀលហាងក្នុង Taobao អ្នកលក់ដៃឆៅ ជិះឡានជាង ៨០០ គីឡូ ទៅទះកំ./ផ្លៀ-ងភ្ញៀវដល់កន្លែង ទុកជាការព្រមាន
រឿងរ៉ាវជម្លោះរវាងអ្នកទិញ និងអ្នកលក់នៅក្នុងប្រទេសចិន កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្ដាញសង្គមនានា ដោយអ្នកលក់ដៃឆៅ ស៊ូធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីមកប្រដៅអ្នកទិញដល់កន្លែង ដោយសកម្មភាពជម្លោះហិង្សាទាំងប៉ុន្មានត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។
តាមសារព័ត៌មានក្នុងតំបន់បានឱ្យដឹងថា ជម្លោះនេះដែរ កើតមានរវាងស្ត្រីម្នាក់ជាអ្នកទិញឈ្មោះ Xiao Li Being និងបុរសជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញឈ្មោះ Zhang។ ដើមហេតុនៃជម្លោះ កើតចេញពីស្ត្រីជាអ្នកទិញ ដែលបានផុសនិយាយមិនល្អពីខាងហាង ដោយនាងរអ៊ូពាក់ព័ន្ធការយឺតយ៉ាវអីវ៉ាន់ដែលខ្លួនបានកុម្មង់ពីខាងរបស់បុរសខាងលើតាម Taobao ហើយក៏ធ្វើឱ្យខាងម្ចាស់ហាងខឹង រហូតឈានដល់ការធ្វើដំណើរទៅព្រមានដល់កន្លែងបែបនេះ។
តាមវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញឱ្យឃើញ ស្ត្រីរងគ្រោះដែលកំពុងឈរតាមផ្លូវសុខៗ ក៏ស្រាប់តែលេចវត្តមានបុរសជាអ្នកលក់ដើរមក វាយទះកំផ្លៀងលើនាងតែម្ដង ដោយវាយនាងរហូតទាល់តែដួលលើដី ទើបរូបគេដើរចេញទៅ។ តាមការឱ្យដឹងពីអ្នកលក់ឈ្មោះ Zhang រូបគេបាននិយាយថា គេសុខចិត្តធ្វើដំណើរពេញមួយយប់ពី Suzhou ទៅ Zhengshou ដើម្បីផ្ដល់មេរៀនឱ្យស្ត្រីរូបនោះ ដែលបញ្ចេញមតិមិនល្អពីហាងខ្លួនលើកម្មវិធី Taobao។ គេថែមទាំងនិយាយទៀតថា គេនឹងមកផ្ដល់មេរៀនឱ្យនាងជាថ្មីថែមទៀតផង។
គួរឱ្យដឹងថា ស្ត្រីរងគ្រោះ ក្រោយមកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ហើយជុំវិញរឿងរ៉ាវមួយនេះដែរ ខាងប៉ូលិសក៏កំពុងតែស៊ើបអង្កេតផងដែរ៕