គេគូរគំនូរហើយដាក់លក់យកលុយ ចំណែកស្ត្រីម្នាក់នេះផ្ទុយស្រឡះគូរហើយត្រៀមដាក់បញ្ជូនទៅឋានព្រះចន្ទ
រាល់ដងគេធ្លាប់តែគូរគំនូរដាក់លក់ ឬ ដាក់ដេញថ្លៃ ចម្លែកអីតែស្ត្រីម្នាក់នេះគូរគំនូររួចត្រៀមដាក់បញ្ចូនហោះឡើងទៅឋានព្រះចន្ទទៅវិញ។ ស្តាប់ទៅហាក់ដូចជារឿងលេងសើច ប៉ុន្តែវាគឺជាការពិត។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីពេលថ្មីថ្មោងនេះ ស្ត្រីដែលនឹងដាក់ស្នាដៃគំនូររបស់ខ្លួនទៅឋានព្រះចន្ទ នាងជាវិចិត្រករដ៏ល្បីឈ្មោះមួយរូបនៅប្រទេសម៉ាដាហ្គាស្កា (Madagascar) ស្ថិតនៅឆ្នេរភាគអាគ្នេយ៍នៃទ្វីអាហ្វ្រិក។ នាងមានឈ្មោះថា Tara Shakti ។
តាំងពីក្មេងវ័យមក វិចិត្រករដែលធ្លាប់ឈ្នះពានរង្វាន់ ឈ្មោះ Tara Shakti នេះដឹងថានាងចង់ចាប់អាជីពគំនូរដើម្បីលើកកម្ពស់ដល់ស្ត្រីដទៃ។ គំនូររបស់នាងតែងគូរបំភ្លឺពីបញ្ហាសំខាន់ៗដូចជា ការជួញដូរមនុស្ស និង ការកៀបសង្កត់ជាប្រព័ន្ធជាដើម។ ហើយឥឡូវអ្វីដែលនាងមិនបានរំពឹងទុក នាពេលខាងមុខស្នាដៃដែលនាងបានបង្កើត នឹងត្រូវបញ្ជូនទៅដាក់នៅឋានព្រះចន្ទ ទុកជាអនុស្សាវរីយ៍ចុងក្រោយមួយនៃភាពច្នៃប្រតិដ្ឋរបស់មនុស្ស។
ជាការពិត គម្រោងនាំយកស្នាដៃសិល្បៈទៅឋានព្រះចន្ទនេះមានឈ្មោះថា Lunar Codex។ Shakti នាងជាសិល្បករសហសម័យមួយរូបក្នុងចំណោមសិល្បករប្រមាណ ៣៥០០០ នាក់ ដែលក្នុងនោះក៏មានអ្នកនិពន្ធ កវី អ្នកធ្វើ podcast សិល្បករចម្លាក់ តន្ត្រីករ និង អ្នកផលិតភាពយន្តនៅជុំវិញពិភពលោក ដែលបានដាក់ស្នាដៃរបស់ពួកគេត្រៀមបញ្ជូនទៅកាន់ឋានព្រះចន្ទ។
ស្នាដៃសិល្បៈបញ្ជូនទៅឋានព្រះចន្ទនេះ នឹងបែងចែកការបញ្ជូនចំនួន ៦ ដង ដោយប្រើពេលសរុប ១៨ ខែ។ កន្លងមក ការបាញ់បង្ហោះជោគជ័យលើកដំបូង គឺនៅលើយាន Intuitive Machines Odysseus lander តាមរយៈរ៉ុក្កែត SpaceX Falcon 9 ហើយបានចុះចតនៅប៉ូលខាងត្បូងតាមចន្ទគតិកាលពី ខែ កុម្ភៈ។ ចំណែកការបញ្ជូន ៣ ជើងទៀត គេនឹងចាប់ផ្តើមឆាប់ៗនៅក្នុងឆ្នាំនេះ។ ដោយឡែកសម្រាប់ គំនូររបស់ Tara Shakti ចំនួន ៥ ផ្ទាំង នឹងត្រៀមបញ្ជូននៅជើងបន្ទាប់នៅខែ កុម្ភៈ ឆ្នាំ ២០២៥៕
ប្រភព៖ CNN