ករណីកម្របំផុត! ស្ត្រីម្នាក់មានស្បូន ២ ពេលមានផ្ទៃពោះ ក៏មានរឿងអស្ចារ្យជាងមនុស្សធម្មតា
ស្ត្រីម្នាក់ត្រកូល Li ជាអ្នកខេត្ត Shaanxi ប្រទេសចិន កើតមានករណីកម្របំផុតមួយដែលរូបនាងកើតមកមានស្បូនក្នុងខ្លួនដល់ទៅ ២។ ករណីកម្របែបនេះដែរ គេប៉ាន់ស្មានថាកើតមានលើស្ត្រីប្រមាណត្រឹម ០.៣% ប៉ុណ្ណោះលើពិភពលោក។ អ្វីដែលពិសេសលើសនេះទៅទៀតនោះ លោកស្រី Li ថែមទាំងអាចពពោះ និង សម្រាលបានកូនភ្លោះ (ស្រីម្នាក់ប្រុសម្នាក់) ក្នុងស្បូនទាំង ២ នោះទៀតផង។
តាមព័ត៌មានបានឱ្យដឹងថា នៅពេលកូនភ្លោះក្នុងពោះបានជាង ៨ ខែ លោកស្រី Li ត្រូវបានគ្រូពេទ្យណែនាំឱ្យធ្វើសម្រាលដោយវះកាត់។ ទារកទាំងពីរបានសម្រាលដោយជោគជ័យ និង សុខភាពល្អនាមន្ទីរពេទ្យមួយក្នុងខេត្ត ដោយកូនប្រុសមានទម្ងន់ ៣.៣ គីឡូក្រាម ហើយកូនស្រីមានទម្ងន់ ២.៤ គីឡូក្រាម។ ទាំងម្ដាយ និង កូនៗ មានសុខភាពល្អធម្មតា និង អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ៤ ថ្ងៃក្រោយសម្រាល។
តាមការលើកឡើងរបស់លោកស្រី Cai Ying គ្រូពេទ្យសម្ភពជាន់ខ្ពស់ប្រចាំមន្ទីរពេទ្យដែលលោកស្រី Li សម្រាល បានឱ្យដឹងថា៖ «ការពពោះក្នុងស្បូនផ្សេងគ្នាដោយធម្មជាតិបែបនេះគឺកម្រណាស់។ ពួកយើងធ្លាប់ឮករណីបែបនេះតិចតួចបំផុតនៅចិន និង ក្រៅប្រទេស។ អ្វីដែលកាន់តែកម្រខ្លាំងលើសនេះទៅទៀតនោះ គឺស្ត្រីដែលកើតមានករណីកម្របែបនេះអាចផ្ដល់កំណើតដល់កូនៗយ៉ាងជោគជ័យក្រោយពពោះ ៣៧ សប្ដាហ៍។ នេះពិតជាកម្រមែន មានតែមួយទេក្នុងចំណោមមនុស្ស ១ លាននាក់»។
គួរឱ្យដឹងថា ជាធម្មតាមនុស្សស្រីដែលមានស្បូន ២ គឺមិនមានអាការអ្វីចម្លែកឱ្យដឹងនោះឡើយរហូតទាល់តែពួកគេមានទម្ងន់។ អំឡុងពេលពពោះនោះ ពួកគេក៏ប្រឈមហានិភ័យខ្ពស់ផងដែរលើករណីរលូតកូន កូនកើតមិនគ្រប់ខែ ទារកក្នុងផ្ទៃលូតលាស់មិនល្អ និង ការធ្លាក់ឈាមក្រោយឆ្លងទន្លេជាដើម៕
ប្រភព៖ Kenh14