អ្នកវិទ្យាសាស្ត្រគាំង! ព្រះសង្ឃឥណ្ឌាមួយអង្គ អត់បាយអត់ទឹក ៨០ ឆ្នាំ តែនៅរស់បានដូចមនុស្សធម្មតា
បុរសជនជាតិឥណ្ឌាម្នាក់ឈ្មោះ Prahlad Jani រស់នៅក្នុងភូមិ Charod រដ្ឋ Gujarat ប្រទេសឥណ្ឌា បានទទួលមរណភាពកាលពីឆ្នាំ ២០២០ កន្លងទៅ។ យ៉ាងណាមិញ ខ្សែជីវិតរបស់បុរសរូបនេះកាលនៅមានជីវិត បានធ្វើឱ្យមហាជនជាច្រើនក្នុងស្រុកមានការចាប់អារម្មណ៍ខ្លាំង រហូតអ្នកវិទ្យាសាស្ត្រនាំគ្នាចុះមកធ្វើការពិសោធដោយផ្ទាល់ទៀតផង។
តាមឱ្យដឹង បុរសខាងលើគឺជាព្រះសង្ឃមួយអង្គបានអះអាងថាលោករស់នៅរយៈពេល ៨០ ឆ្នាំដោយគ្មានពឹងលើអាហារ និង ទឹក ដើម្បីរស់នោះឡើយ។ តាមការបញ្ជាក់ពីលោក Jani លោកបានធ្វើការអត់អាហារអត់ទឹកនេះតាំងពីឆ្នាំ ១៩៤០ មកម៉្លេះ និង បន្តរស់រានជីវិតដូចមនុស្សទូទៅធម្មតារហូតដល់ពេលវេលាចុងក្រោយលាចាកលោកទៅតាមធម្មជាតិនៅអាយុ ៩១ ឆ្នាំ។
ព្រះសង្ឃឥណ្ឌាអង្គនេះបានបន្តឱ្យដឹងទៀតថា អាថ៌កំបាំងរបស់លោកគឺពឹងផ្អែកលើការសមាធិ។ លោកជឿជាក់ថាការផ្ដោតលើផ្លូវចិត្តបានល្អអាចផ្ដល់ថាមពលអស្ចារ្យមួយដែលអាចឱ្យលោកនៅបន្តអាយុរស់បាន។
ភាពអស្ចារ្យនៃព្រះសង្ឃឥណ្ឌាអង្គនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្ត្រ និង ក្រុមគ្រូពេទ្យជាច្រើន រហូតពួកគេចង់ដឹងចុះមកធ្វើតេស្តលើលោកដោយផ្ទាល់។ ជាក់ស្ដែង កាលពីឆ្នាំ ២០១០ វិទ្យាស្ថានការពារសរីរវិទ្យា និង វិទ្យាសាស្ត្រសម្ព័ន្ធ (DIPAS) និង អង្គការស្រាវជ្រាវ និង អភិវឌ្ឍន៍ការពារជាតិ (DRDO) បាននាំគ្នាសហការសិក្សាពិសោធទៅលើព្រះសង្ឃ Jani។ ពួកគេបានដាក់ព្រះសង្ឃអង្គនេះឱ្យធ្វើចត្តាឡីស័កក្រោមការឃ្លាំមើលយ៉ាងតឹងរឹងបំផុតរយៈពេល ១៥ ថ្ងៃពេញ។
ការពិសោធនេះដែរថែមទាំងបានពិនិត្យមើលរាងកាយដោយផ្ទាល់រួមមានទាំងការពិនិត្យ MRI និង X-ray ទៀតផង ដោយលទ្ធផលចេញមកបង្ហាញថា ព្រះសង្ឃ Jani ពិតជាអាចមានសមត្ថភាពបង្អត់អាហារ និត ទឹកបានខ្លាំងពិតមែន ដែលនេះធ្វើឱ្យអ្នកវិទ្យាសាស្ត្រក៏ដូចជាបណ្ដាសារព័ត៌មានជាច្រើនលើពិភពលោកភ្ញាក់ផ្អើលជាខ្លាំង រហូតដាក់ងារឱ្យលោកថា «បុរសដែលរស់នៅពឹងតែខ្យល់»។
បើទោះជាបច្ចុប្បន្នលោកបានទទួលមរណភាពទៅហើយក្ដី ប៉ុន្តែករណីដ៏ចម្លែករបស់លោកនៅតែធ្វើឱ្យអ្នកវិទ្យាសាស្ត្រជាច្រើនគាំងខួរគាំងគំនិតរកមូលហេតុមិនទាន់ឃើញដដែល៕
ប្រភព៖ Kenh14