មិនធម្មតា! «រូបចម្លាក់មើលមិនឃើញ» របស់វិចិត្រករអ៊ីតាលីម្នាក់ ដេញថ្លៃលក់បានជិត ២ ម៉ឺនដុល្លារ
វិចិត្រករអ៊ីតាលី Salvatore Garau ដាក់ដេញថ្លៃរូបចម្លាក់របស់លោកមួយដែលមើលមិនឃើញមានតែលំហទទេកាលពីឆ្នាំ ២០២១ ដោយលក់បានក្នុងតម្លៃ ១៥០០០ អឺរ៉ូ (១៨៣០០ ដុល្លារ)។ តាម as.com បានឱ្យដឹងថា រូបចម្លាក់មើលមិនឃើញនោះដែរ ដំបូងឡើយដាក់ដេញថ្លៃក្នុងតម្លៃចន្លោះពី ៦ ពាន់ ទៅ ៩ ពាន់អឺរ៉ូប៉ុណ្ណោះ ប៉ុន្តែតម្លៃបានបន្តកើនឡើងក្រោយការដេញថ្លៃចាប់ផ្ដើមធ្វើឡើង។
រូបចម្លាក់ដែលគ្មានរូបរាងនេះដែរ ត្រូវបានដាក់ឈ្មោះថា «lo Sono» (ភាសាអង់គ្លេសថា «I am»)។ បើទោះជាការដាក់តាំងរូបចម្លាក់មើលមិនឃើញរបស់លោក Salvatore Garau ទទួលបានការរិះគន់ច្រើនក្ដី ប៉ុន្តែលោកបានចេញមកពន្យល់ថា សិល្បៈស្នាដៃរបស់លោកមួយនេះមិនមែនត្រឹមជាអ្វីដែលមើលមិនឃើញនោះឡើយ ប៉ុន្តែវាជាអ្វីមួយដែលគេហៅថា «vacuum»។
លោកបានពន្យល់បញ្ជាក់ថា៖ «vacuum គឺជាលំហមួយពោរពេញដោយថាមពល ហើយបើទោះជាវាមានសភាពទទេក៏ពិតមែន ប៉ុន្តែបើតាមគោលការណ៍មិនប្រាកដប្រជារបស់ Heisenberg ភាពទទេនេះតាមពិតគឺមានទម្ងន់។ ដូច្នេះហើយ វាមានថាមពលដែលប្រមូលផ្ដុំ និង បំប្លែងទៅជាភាគល្អិតដែលនៅក្នុងរាងកាយយើងនេះ»៕