មើលទៅទំនងដូចសំរាមពេក កំប៉ុងប៊ីយ៊ែរដាក់តាំងក្នុងសារមន្ទីរមួយនៅហូរឡង់ ត្រូវគេច្រឡំយកបោះចោលបាត់
សិល្បៈ «All The Good Times We Spent Together» របស់សិល្បករបារាំង Alexander Lavet ដែលបង្ហាញពីកំប៉ុងប៊ីយែចំនួន ២ ដាក់តាំងបង្ហាញនៅជណ្ដើរយន្តសារមន្ទីរ LAM នាក្រុង Lisse ប្រទេសហូរឡង់ ត្រូវបានក្រុមជាងមេកានិចប្រចាំសារមន្ទីរច្រឡំយកទៅបោះចោលព្រោះគិតស្មានថាជាសំរាម។ ហេតុការណ៍ដ៏ហួសចិត្តមួយនេះកើតមានឡើងក្រោយអ្នកថែទាំវិចិត្រសាលម្នាក់ឈ្មោះ Elisah van den Bergh ត្រឡប់មកពីម៉ោងសម្រាកវិញហើយក៏ឃើញថាសិល្បៈតាំងបង្ហាញខាងលើបានបាត់ពីជណ្តើរយន្ត ហើយក្រោយមកក៏រកឃើញវានៅក្នុងធុងសំរាម។
ថ្លែងបញ្ជាក់កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ អ្នកនាំពាក្យរបស់សារមន្ទីរបានរៀបរាប់ថា៖ «វាមើលទៅមួយភ្លែតដូចសំរាមពិតមែន ប៉ុន្តែបើយើងមើលឱ្យជាក់ សិល្បៈមួយនេះតាមពិតទៅគឺគូរទឹកថ្នាំដោយផ្ទាល់ដៃដែលគំនូរបែបនេះទាមទារពេលវេលា និង ការយកចិត្តទុកដាក់ធ្វើណាស់។ គំនូរសិល្បៈជាញឹកញាប់តែងដាក់តាំងនៅកន្លែងប្លែកៗពីគ្នា ដូច្នេះហើយពួកយើងក៏បានដាក់តាំងវានៅជណ្ដើរយន្តដើម្បីពញ្ញាក់អារម្មណ៍ភ្ញៀវដែលចូលមក»។
បច្ចុប្បន្ន សិល្បៈកំប៉ុងប៊ីយែនេះដែរ ត្រូវបានរៀបចំដាក់តាំងបង្ហាញឡើងវិញដោយលើកនេះគឺមានដាក់លើជើងទម្រត្រឹមត្រូវដើម្បីកុំឱ្យមានអ្នកយល់ច្រឡំទៀត។ ជាមួយគ្នានេះដែរ ខាងមន្ត្រីប្រចាំសារមន្ទីរក៏បានបង្ហាញការអាណិតចំពោះខាងជាងមេកានិចផងដែរថា៖ «គាត់ធ្វើនេះគឺមិនមែនមានបំណងឡើយ គាត់គ្រាន់តែធ្វើតាមតួនាទីប៉ុណ្ណោះ»៕