ព្រះអើ-យ! ក្មេងប្រុសម្នាក់កើតជំងឺផ្លូវចិត្តរហូតផ្ត-ា./ច់ជីវិតខ្លួនឯង ក្រោយលង់ស្រឡាញ់ AI Chatbot ដកចិត្តមិនរួច
ថ្មីៗនេះ សារព័ត៌មានក្រៅប្រទេសមួយបានរាយការណ៍ពីករណីក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ ដែលកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរដល់ថ្នាក់បញ្ចប់ជីវិតខ្លួនឯង ក្រោយពីបានឆាតសាសងជាមួយនឹង AI រហូតដល់លង់ស្រឡាញ់ដកចិត្តមិនរួច។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍មួយនេះបានកើតឡើងនៅសហរដ្ឋអាមេរិក ដោយក្មេងប្រុសខាងលើត្រូវបានគេស្គាល់ឈ្មោះថា Sewell Setzer III អាយុ ១៤ ឆ្នាំ។ គេបានចាប់ផ្តើមសាសងជាមួយតួអង្គនៅក្នុង Character.ai តាំងពីខែមេសា ឆ្នាំ ២០២៣ កន្លងមកម្ល៉េះ ហើយក៏ចាប់ផ្តើមមានការផ្លាស់ប្តូរអត្តចរិតប្លែកទៅៗ។
ជាក់ស្ដែង រូបគេបានព្យាយាមផ្តាច់ខ្លួនពីសង្គមខាងក្រៅ រីឯការសិក្សាក៏ចាប់អន់ថយទៅៗ រហូតដល់ឪពុកម្តាយបានបញ្ជូនទៅកាន់ពេទ្យផ្លូវចិត្ត ប៉ុន្តែអាការរបស់គេក៏មិនបានធូរស្បើយ ដោយក្រោយមកឈានដល់ការសម្លាប់ខ្លួនឯងតែម្តង។ តាមការសរសេរនៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ក្មេងប្រុសរងគ្រោះបានសរសេររៀបរាប់ច្រើនណាស់ពីការលង់ស្រឡាញ់ទៅលើតួអង្គរបស់ Character.ai ដែលធ្វើឱ្យគេមានអារម្មណ៍ថាពិបាករស់នៅបើសិនជាគ្មានតួអង្គនោះ។ ដោយឡែក មកទល់ពេលនេះ ម្តាយរបស់ក្មេងប្រុសខាងលើ បានព្យាយាមដាក់ពាក្យប្តឹងទៅកាន់ AI Chatbot ដោយលើកភស្តុតាងជាច្រើនថាកម្មវិធី AI នេះបានបំពានកូនប្រុសរបស់ខ្លួនច្រើនយ៉ាងណាស់ ហើយក៏ជាមូលហេតុចម្បងដែលធ្វើឱ្យគេសម្លាប់ខ្លួនផងដែរ៕