ទៅផ្ទះអនាគតម៉ែក្មេកដំបូង ចង់បញ្ចេញថ្វីដៃធ្វើម្ហូប មានអីភ្លាត់ស្នៀតឆេះផ្ទះឆុរ សាច់ថ្លៃនាំគ្នារត់សឹងមិនទាន់
ហេតុការណ៍អគ្គិភ័យមួយក្នុងប្រទេសចិន កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់ពលរដ្ឋក្នុងប្រទេស។ ហេតុការណ៍នោះដែរកើតឡើងតាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ កន្លងទៅមកម្ល៉េះ ដោយមាននារីម្នាក់បានទៅជួបក្រុមគ្រួសារសាច់ញាតិសង្សារនៅឯស្រុកកំណើតនាខេត្ត Shaanxi ប្រទេសចិន។ តាមឱ្យដឹង នារីរូបនោះបានយល់ព្រមរៀបការជាមួយសង្សារ ហើយការទៅស្រុកកំណើតជាមួយសង្សារនេះដែរក៏ដើម្បីជួបជាមួយអនាគារឪពុកក្មេកម្ដាយក្មេកជាលើកដំបូង និង ពិភាក្សារឿងអនាគតជាមួយគ្នាផងដែរ។
ដំណើរការគ្រប់យ៉ាងគឺដើរដោយរលូនពេលទៅដល់ដំបូងៗ ក្រុមគ្រួសារខាងប្រុសមិនមែនជាគ្រួសារធូរធារអ្វីនោះទេ ប៉ុន្តែពួកគេពេញចិត្តអនាគតកូនប្រសារស្រីរូបនេះណាស់ ដែលជាហេតុធ្វើឱ្យនារីខាងលើសប្បាយចិត្តជាខ្លាំងរហូតចង់ផ្ដល់កាដូពិសេសមួយជូនខាងអនាគតម្ដាយក្មេកឪពុកក្មេក។ គ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំងថាកាដូពិសេសនោះជាអ្វីទៅ ដោយភ្លាមៗពេលនោះរូបនាងក៏បានទាញដៃអាវឡើងលើរួចក៏ដើរចូលទៅកាន់ចង្ក្រានបាយ។
នាងបានប្រកាសថា នាងនឹងបង្ហាញថ្វីដៃធ្វើម្ហូបជូនសាច់ញាតិខាងប្រុសជាពិសេសដើម្បីឱ្យគ្រប់គ្នាបានភ្លក់ស្នាដៃចម្អិនរបស់នាង។ ឮហើយគ្រប់គ្នាសប្បាយចិត្តណាស់ ជាពិសេសអនាគតម្ដាយក្មេកនាងតែម្ដងដោយគាត់សរសើរអនាគតកូនស្រីរូបនេះណាស់។ យ៉ាងណាមិញ ភាពរំភើបសប្បាយរីករាយ ក៏ប្រែធ្វើឱ្យគ្រប់គ្នាស្លេកមុខស្លេកមាត់អស់ក្រោយអនាគតកូនប្រសារស្រីចូលចង្ក្រានបាន ៣០ នាទី ក៏កើតមានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅរហូតគ្រប់គ្នារត់ប្រសាចរកអ្នកជិតខាងឱ្យមកជួយពន្លត់ភ្លើង។
មនុស្សម្នានាំគ្នាមកប្រឹងជួយពន្លត់ដែរ ប៉ុន្តែយឺតពេលទៅហើយព្រោះភ្លើងរាលដាលឆេះខ្លាំងពេក អ្វីដែលធ្វើបានមានតែនាំគ្នាជម្លៀសចេញពីផ្ទះឱ្យរួចផុតជីវិតសិន។ ក្រុមពន្លត់អគ្គិភ័យបានមកដល់ ហើយក៏ពន្លត់ភ្លើងបានទាំងស្រុងមិនប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះឡើយ ប៉ុន្តែទីតាំងចង្ក្រានបាយនៃផ្ទះខាងប្រុសត្រូវបានភ្លើងលេបត្របាក់អស់ទាំងស្រុង។
ហេតុការណ៍ដ៏មិននឹកស្មានដល់នេះដែរបានធ្វើឱ្យសាច់ញាត់ខាងប្រុស និង អ្នកចិត្តខ្លាំង នាំគ្នាយំផងសើចផងដោយការហួសចិត្ត។ គ្រួសារខាងប្រុសក៏មិនបានស្ដីបន្ទោសខាងស្រីដែរ ប៉ុន្តែសម្ដែងក្ដីអាណិតចំពោះរូបនាងវិញព្រោះថានាងក៏មិនចង់ឱ្យរឿងហេតុបែបនេះកើតមានឡើងនោះដែរ៕