គ្រាន់តែផ្លែចេកបិទស្កុតជាប់ជញ្ជាំង ក្លាយជាសិល្បៈមួយអាចដាក់ដេញថ្លៃលក់បានរហូតជាង ១ លានដុល្លារ
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុន Sotheby’s បានប្រកាសថា ពួកគេនឹងដាក់ដេញថ្លៃលក់សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនាក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ដោយរំពឹងថានឹងដេញថ្លៃបានរហូតដល់ចន្លោះពី ១ លានដុល្លារ ទៅ ១.៥ លានដុល្លារ។ អ្នកដែលដេញថ្លៃឈ្នះនឹងទទួលបានស្កុតមួយដុំ និង ចេកមួយផ្លែ អមដោយវិញ្ញាបនបត្របញ្ជាក់មួយ និង របៀបណែនាំលើការបិទដាក់សិល្បៈនោះលើជញ្ជាំងផងដែរ។
សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងដែលមានឈ្មោះថា «Comedian» ត្រូវបានបង្កើតឡើងដោយសិល្បករអ៊ីតាលីម្នាក់ឈ្មោះ Maurizio Cattlelan ក្នុងឆ្នាំ ២០១៩។ សិល្បៈរបស់លោកបង្កើតឡើងដោយការយកផ្លែចេកមួយផ្លែដែលលោកទិញពីផ្សារមួយកន្លែងនៅក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក យកមកបិទស្កុតជាប់ទៅនឹងជញ្ជាំង។
សិល្បៈដ៏ចម្លែករបស់លោកនេះដែរ ធ្លាប់បានដាក់ដេញថ្លៃជាច្រើនដងរួចមកហើយ ដោយក្នុងឆ្នាំ ២០១៩ អ្នកប្រមូលសិល្បៈដេញថ្លៃជនជាតិបារាំង ២ រូបបានទិញសិល្បៈ «Comedian» នេះចំនួន ២ ក្នុងតម្លៃ ១២ ម៉ឺនដុល្លារ។ សិល្បៈ «Comedian» ទី ៣ ត្រូវបានគេដេញថ្លៃទិញក្នុងតម្លៃខ្ពស់ជាងនេះ ប៉ុន្តែមិនបានទម្លាយថាបានប៉ុន្មាននោះឡើយ ដោយក្រោយមកក៏បានបរិច្ចាគទៅឱ្យសារមន្ទីរ The Guggenhiem នៅក្រុងញ៉ូយ៉ក៕