ច្រឡំដោះចិញ្ចៀនពេជ្របោះចោលក្នុងធុងសំរាម ពេលនឹកឃើញឡានសំរាមយកទៅបាត់ មានអីជួលគេកាយរកដល់ទីលានចាក់សំរាម
ពិតជារឿងរ៉ាវមួយដែលធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃមានការភ្ញាក់ផ្អើល និង សរសើរមិនតិចឡើយទៅកាន់ស្រ្តីម្នាក់ ដែលបានតាមរកចិញ្ចៀនពេជ្រនៅក្នុងទីលានចាក់សំរាមទាល់តែឃើញ ក្រោយពីនាងដោះលាងដៃហើយច្រឡំបោះចូលធុងសំរាម។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីរូបនេះជាអ្នកខេត្តណាក់ខនផានុម នាងបានដោះចិញ្ចៀនពេជ្រគ្រាប់ធំរបស់ខ្លួនដើម្បីលាងដៃ ដោយខ្ចប់ជាមួយនឹងក្រដាសជូតមាត់។ នាងក៏បានច្រឡំយកក្រដាសជូតមាត់នោះទៅក្រវាត់ចោលក្នុងធុងសំរាម លុះក្រោយមកទើបនឹកឃើញដល់ចិញ្ចៀនដែលនៅក្នុងក្រដាសនោះ តែឡានសំរាមក៏បានមកប្រមូលសំរាមនៅផ្ទះនាងអស់ទៅហើយ។
យ៉ាងណាមិញ នាងក៏បានប្រញាប់តាមទៅកន្លែងទីលានចាក់សំរាម ដែលមានទំហំជាង ៧០ រ៉ៃ ដើម្បីរកចិញ្ចៀនរបស់នាងមកវិញ។ ក្នុងនោះ នាងបានជួលមនុស្សជាច្រើនឱ្យជួយកាយរុករកពេញទីលាននោះ ហើយចុងក្រោយបន្ទាប់ពីតាមរកអស់រយៈពេល ៣០ ម៉ោង នាងក៏បានរកឃើញចិញ្ចៀននោះដោយខ្លួនឯង។ ដោយឡែក មហាជនពិតជានឹកសរសើរនាងមិនដាច់ពីមាត់ឡើយ ព្រោះនាងមានការតាំងចិត្តខ្ពស់ ហើយថែមទាំងពូកែរុករកទាល់តែឃើញដោយមិនអស់សង្ឃឹមឡើយ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Sanook