មេរៀន! ឃើញចៃមួយក្បាលតោងសសរផ្ទះ នឹកឃើញអីយកភ្លើងទៅដុត មានអីប៊ិះអស់ផ្ទះនៅដោយសារចៃ
ថ្មីៗនេះ មាននារីជនជាតិថៃម្នាក់បានទម្លាយរឿងរ៉ាវដ៏គួរឱ្យហួសចិត្ត ដែលម្តាយនាងបានដុតភ្លើងបំណងនឹងដុតចៃឆ្កែដែលវារចូលទៅក្នុងផ្ទះ តែចៃដន្យឆេះសន្ធោសន្ធៅ ប៊ិះនឹងអស់ផ្ទះមួយទាំងមូល។
នារីរូបនេះបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុម្តាយរបស់នាងបានឃើញចៃឆ្កែទៅតោងនៅសសរផ្ទះ ទើបនឹកឃើញយកភ្លើងទៅដុតវាឱ្យងាប់ ចៃដន្យនៅសសរនោះក៏មានផ្កាក្រៀមៗព្យួរតាំងនៅទីនោះ ជាហេតុទើបពេលម្តាយនាងដុតចៃ ភ្លើងក៏ជ្រុលទៅឆេះផ្កាយ៉ាងសន្ធោសន្ធៅ។
ក្នុងនោះ នាងក៏បានរត់ទៅមើលម្តាយដោយភ័យរន្ធត់ ចំណែកឯម្តាយក៏បានស្ទុះកញ្ឆក់ផ្កានោះយកទៅបោះចោលនៅខាងក្រៅយ៉ាងប្រញាប់ ទើបភ្លើងក៏រលត់បាត់ទៅ។ ជាសំណាងល្អ មិនមានរបស់របរខូចខាតនៅក្នុងផ្ទះនោះទេ ប៉ុន្តែនេះគឺជាមេរៀនមួយដែលគ្រួសារនាងបានចងចាំ គឺលើកក្រោយត្រូវប្រុងប្រយ័ត្នជាងនេះ ឈប់ដុតចៃតទៅទៀត គឺត្រូវប្រើថ្នាំបន្តក់វិញ ព្រោះតែលើកនេះសឹងតែឆេះផ្ទះមួយខ្នង ដោយសារតែចៃមួយក្បាលទៅហើយ៕
ប្រភព៖ Khaosod