មនុស្សដុះស្នែងមានពិត! នៅចិន ជីដូនអាយុ ១០៧ ឆ្នាំម្នាក់ដុះស្នែងចម្លែក អ្នកភូមិនាំគ្នាមានជំនឿរឿងមួយព្រាត
លោកយាយចំណាស់ម្នាក់ឈ្មោះ Chen អាយុ ១០៧ ឆ្នាំ រស់នៅតំបន់ Puning ខេត្ត Guangdong ប្រទេសចិន បានក្លាយជាបុគ្គលល្បីល្បាញក្នុងតំបន់ដែលគាត់រស់នៅក្រោយស្នែងដ៏វែងចម្លែកប្រវែង ១០ សង់ទីម៉ែត្រ បានដុះចេញលើក្បាលរបស់គាត់។ តាមឱ្យដឹង ស្នែងមួយនោះបានដុះចេញមកកាលពីប៉ុន្មានឆ្នាំមុន ដែលជាហេតុធ្វើឱ្យអ្នកភូមិស្រុកជឿថា នេះជាស្នែងនាំអាយុវែង។
ក្រៅពីអ្នកភូមិហើយនោះ លោកយាយ Chen ខ្លួនឯងផ្ទាល់ក៏ជឿដែរថា គាត់រស់នៅបានអាយុវែង និង មានសុខភាពល្អបែបនេះ ក៏ដោយសារតែស្នែងដ៏ចម្លែកដុះលើក្បាលគាត់នេះដែរ។ លោកយាយបានបញ្ជាក់ដែរថា ស្នែងដែលដុះមកនេះគឺមិនបានបង្កការប៉ះពាល់ ឬភាពលំបាកអ្វីច្រើនដល់ជីវិតគាត់ប្រចាំថ្ងៃនោះឡើយ។ លោកយាយនៅតែមានសុខភាពល្អ ញ៉ាំអាហារបានឆ្ងាញ់ និង មានភាពវិជ្ជមានក្នុងជីវិតជានិច្ច។
យ៉ាងណាមិញ ហេតុភូតចម្លែកនេះដែរក៏ត្រូវបានក្រុមគ្រូពេទ្យពិនិត្យមើលផងដែរ ដោយពួកគេរកឃើញថាជាជំងឺម្យ៉ាងហៅថា cutaneous keratoacanthoma ដែលជំងឺនេះជាធម្មតាកើតឡើងពាក់ព័ន្ធនឹងការត្រូវនឹងពន្លឺព្រះអាទិត្យយូរពេក។
បើទោះជាប្រភេទជំងឺនេះជាទូទៅមិនមែនជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែអ្នកជំនាញណែនាំឱ្យតាមដានឱ្យជាប់ ព្រោះវាក៏មានហានិភ័យប្រែទៅជាសាច់ដុះប្រភេទកាចផងដែរ៕