លែងពិបាកបាត់! អ្នកវិទ្យាសាស្ត្របង្កើត AI ឱ្យមនុស្សដឹងអារម្មណ៍ជ្រូក ពេលណាវាសប្បាយពេលណាវាស្ត្រេស
ក្រុមអ្នកជំនាញមកពីប្រទេសដាណឺម៉ាក អាល្លឺម៉ង់ ស្វីស បារាំង ន័រវេស និង សាធារណរដ្ឋឆែក បានប្រើប្រាស់សំឡេងរាប់ពាន់សំឡេងដែលបានកត់ត្រាចេញពីសត្វជ្រូកក្នុងស្ថានភាពផ្សេងៗគ្នា ដូចជាពេលពួកវាកំពុងលេង ត្រូវគេយកផ្ដាច់ខ្លួនដាក់ដោយឡែកពីគ្នា ឬ ពេលវាឈ្លោះដណ្ដើមចំណីគ្នាជាដើម។ ដោយតាមរយៈការស្រាវជ្រាវរបស់ពួកគេ បានរកឃើញថាសំឡេងទាំងនោះគឺបានបង្ហាញឱ្យឃើញថា សត្វជ្រូកគឺបានបង្ហាញពីអារម្មណ៍វិជ្ជមាន និង អវិជ្ជមានមិនខុសពីមនុស្សយើងឡើយ។
លោកស្រី Elodie Mandel-Briefer អ្នកជីវវិទូផ្នែកអត្តចរិតប្រចាំ University of Copenhagen ប្រទេសដាណឺម៉ាក និង ជាសហដឹកនាំលើការសិក្សាស្រាវជ្រាវខាងលើបានលើកឡើងថា ការយល់ដឹងអំពីភាសាសត្វនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយការរស់នៅរបស់សត្វដែលចិញ្ចឹមក្នុងកសិដ្ឋាន។ ខណៈកសិករជាច្រើនគឺបានយល់ច្បាស់ពីសត្វចិញ្ចឹមរបស់ពួកគេតាមរយៈការតាមដានពួកវាពេលនៅក្នុងទ្រុង ឬតាមរយៈឧបករណ៍ដែលមានស្រាប់វាយតម្លៃតាមស្ថានភាពរូបរាងកាយរបស់វាក៏ពិតមែន ប៉ុន្តែបច្ចេកវិទ្យា AI ថ្មីនេះនឹងជួយឱ្យកសិករទាំងអស់កាន់តែយល់ច្បាស់ពីសត្វចិញ្ចឹមរបស់ពួកគេលើសពីនេះទៅទៀត។ វាអាចជួយផ្ដល់សញ្ញាថាពេលណាសត្វចិញ្ចឹមបង្ហាញអារម្មណ៍អវិជ្ជមាន ឬ វិជ្ជមាន ដែលនេះអាចជួយឱ្យអ្នកចិញ្ចឹមកាន់តែងាយស្រួលយល់ពីបញ្ហាផ្លូវអារម្មណ៍របស់សត្វ។
តាមការសិក្សាបានរកឃើញថា សត្វជ្រូកដែលចិញ្ចឹមនៅខាងក្រៅ ដើរហើរបានដោយសេរី ឬ ចិញ្ចឹមដោយចំណីអាហារធម្មជាតិគឺបង្កើតសំឡេងស្ត្រេសតិចតួចជាងសត្វជ្រូកដែលចិញ្ចឹមក្នុងទ្រុងតាមទម្លាប់ទូទៅ។ តាមការសិក្សានោះបង្ហាញថា សំឡេងស្រែកខ្លីៗបញ្ជាក់ពីអារម្មណ៍ផ្លូវចិត្តវិជ្ជមាន ខណៈសំឡេងស្រែកវែងៗបញ្ជាក់ពីសញ្ញាមិនស្រណុកដូចជាពេលជ្រូកដាក់ប្រជ្រៀតគ្នាពេលឱ្យចំណីជាដើម។ សំឡេងដែលមានរលកសំឡេងខ្ពស់បញ្ជាក់ថាជ្រូកកំពុងស្ត្រេសដូចជាពេលវាប៉ះទង្គិចឈឺចាប់ វាយប្រហារឈ្លោះគ្នា ឬ ពេលបំបែកចេញពីហ្វូងរបស់វា៕
ប្រភព៖ Kenh14