រឿងភ្លេចឱ្យខ្លួនឯង ១០/១០! បិទភ្លើងរៀបចំចូលដេកហើយ ទើបនឹកឃើញភ្លេចទៅយកកូនពីសាលា
ពិតជារឿងរ៉ាវមួយដ៏គួរឱ្យហួសចិត្តណាស់នៅក្នុងប្រទេសវៀតណាម ដោយមានម្តាយម្នាក់មិនបានទៅយកកូនមកពីសាលា ដល់ថ្នាក់គ្រូជូនកូនមកដល់ផ្ទះ ទើបភ្ញាក់ព្រើតថាភ្លេចកូននៅសាលារៀន។
ស្រ្តីជាម្តាយបានរៀបរាប់ឱ្យដឹងថា នាងមានកូនៗចំនួន ៣ នាក់ ដោយក្នុងនោះកូនអាយុ ៣ ឆ្នាំកំពុងរៀនថ្នាក់មតេយ្យ កូនប្រុសកណ្តាលរៀនថ្នាក់ទី ៣ រីឯកូនស្រីច្បងរៀនថ្នាក់ទី ៧។ ពួកគេទាំង ៣ នាក់នេះសុទ្ធតែរៀនសាលាខុសៗគ្នា ហើយភារកិច្ចដែលជូនកូនៗ និង ទទួលពួកគេមកវិញគឺនៅលើនាងទាំងស្រុង ព្រោះតែស្វាមីនាងជាប់ធ្វើការ ហើយនាងក៏គ្មានញាតិមិត្តនៅចាំជួយដែរ។
លុះដល់ថ្ងៃមួយវេលាម៉ោងប្រមាណ ៩ យប់ នាងកំពុងតែមើលកូនតូចបណ្តើរ ឆ្លៀតបង្រៀនបណ្តើរ ស្រាប់តែឮសូរសំឡេងកណ្តឹងផ្ទះ រួចនាងក៏ចុះទៅបើកទ្វារមើល អ្វីដែលភ្ញាក់ផ្អើលនោះ ខណៈបើកទៅមុខកូនប្រុសកណ្តាល ទើបដឹងខ្លួនថា នាងបានភ្លេចយកគេពីសាលារៀន ជាហេតុធ្វើឱ្យគ្រូជូនមកដល់ផ្ទះ។ នាងពិតជាហួសចិត្តនឹងខ្លួនឯងណាស់ តែនាងក៏បានឱ្យដឹងថានេះមិនមែនជាលើកទីមួយនោះទេ ប៉ុន្តែកូនៗរបស់នាងក៏ចាប់ផ្តើមយល់ច្រើន ពួកគេមិនខ្លាចឡើយពេលដែលនាងភ្លេចគេបែបនេះ៕
ប្រភព៖ Sanook