នៅចិនមានទំនៀមទម្លាប់ចម្លែកមួយ អ្នកមានប្ដីប្រពន្ធរួចអាចណាត់ជួបសង្សារចាស់ និង ដាច់យប់ជាមួយគ្នាដោយស្របច្បាប់
ទំនៀមទម្លាប់ដ៏ចម្លែកបំផុតមួយរបស់ជនជាតិភាគតិចក្នុងប្រទេសចិន ដែលអនុញ្ញាតឱ្យបុរស និង ស្ត្រីដែលរៀបការរួចអាចជួបជុំគ្នាជាមួយគូស្នេហ៍ចាស់របស់ពួកគេបានដោយបើកចំហ និង ថែមទាំងអាចចំណាយពេលមួយយប់ជាមួយគ្នាបានទៀតដើម្បីបំពេញរឿងរ៉ាវសោកស្ដាយដែលពួកគេមិនបានធ្វើជាមួយគ្នា។
ទំនៀមទម្លាប់ប្រពៃណីដ៏ប្លែកមួយនេះដែរ គឺអនុវត្តធ្វើដោយក្រុមជនជាតិភាគតិច Bai នាតំបន់ Dali ប្រចាំខេត្ត Yunnan ភាគនិរតីប្រទេសចិន។ ពិធីបុណ្យនេះដែរ តែងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ តាមចន្ទគតិជារៀងរាល់ឆ្នាំ ជាពេលវេលាមួយមុនពលរដ្ឋ Bai ចូលដល់រដូវឆ្នាំដាំដុះថ្មី។ បុណ្យនេះដែរគឺជាបុណ្យមួយដ៏ធំប្រចាំឆ្នាំ និង ត្រូវបានចាត់ទុកដូចជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់ជនជាតិ Bai ផងដែរ។
ពិធីបុណ្យប្រពៃណីរបស់ជនជាតិ Bai មួយនេះដែរអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាចូលរួម ប៉ុន្តែភាគច្រើននៃអ្នកចូលរួមពិធីបុណ្យនេះគឺជាអ្នកដែលបានរៀបការហើយ ព្រោះថានេះគឺជាឱកាសតែមួយគត់សម្រាប់ពួកគេក្នុងការណាត់ជួបគូស្នេហ៍ចាស់បានដោយស្របច្បាប់។ ជនជាតិភាគតិច Bai គឺជាជនជាតិមួយបើកចំហខ្លាំងតែក៏តឹងរឹងខ្លាំងដូចគ្នាលើរឿងរៀបការ។ យុវវ័យក្នុងកុលសម្ព័ន្ធគឺមានសេរីភាពពេញទំហឹងមុនពេលពួកគេចូលដល់ជីវិតអាពាហ៍ពិពាហ៍។ បើទោះជាក្មេងៗទាំងនោះរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេក៏ដោយ ប៉ុន្តែបន្ទប់ក្មេងស្រីៗមានច្រកទ្វារចូលបន្ទប់មួយដាច់ដោយឡែក។
ចំណែកបុរសវិញ នៅពេលដែលដល់វ័យអាចរៀបការបាន ពួកគេមានសិទ្ធិអាចចូលតាមច្រកដាច់ដោយឡែកទៅបន្ទប់ស្រីក្រមុំដែលពួកគេពេញចិត្តបានដើម្បីមើលចិត្តគ្នា។ ប្រសិនបើពួកគេទាំងពីរនិយាយមិនត្រូវចិត្តគ្នា គេអាចផ្ដាច់ទំនាក់ទំនងគ្នាដោយគ្មានការស្ដាយក្រោយ ឬ ទំនួលខុសត្រូវអ្វីនោះឡើយ ប៉ុន្តែបើសិនជាពួកគេនិយាយត្រូវរ៉ូវគ្នា នោះពួកគេអាចសុំក្រុមគ្រួសាររៀបការជាមួយគ្នាបាន។
ចំពោះជនជាតិភាគតិច Bai មុនពេលចូលដល់ជីវិតរៀបការ ទង្វើស្នេហារបស់ពួកគេជាមួយគ្នាគឺមិនមាននរណាខ្វាយខ្វល់នោះឡើយ តែក្រោយរៀបការរួច ពួកគេគឺមិនអាចមកនិយាយទាក់ទងញ៉ែញ៉ងជាមួយនឹងអ្នកមានភេទផ្ទុយគ្នានោះឡើយ។ បើសិនជាគេចាប់បាន ជាពិសេសកំពុងមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា នោះពួកគេប្រឈមនឹងការដាក់ពិន័យយ៉ាងខ្លាំងក្លា ហើយករណីធ្ងន់ធ្ងរបំផុតគឺអាចនឹងត្រូវបោះទម្លាក់ចូលទឹកទន្លេ។
ដោយឡែកប្រសិនបើរៀបការហើយជួបបញ្ហារកាំរកូសអ្វីមួយ នោះគូស្នេហ៍អាចមានពេលវេលា ៣ ថ្ងៃរាល់ឆ្នាំដូចរៀបរាប់ខាងលើ ដើម្បីស្វែងរកគូស្នេហ៍ចាស់ចំណាយពេលវេលារំឭកការចងចាំល្អៗជាមួយគ្នាបាន។ អំឡុងពិធីបុណ្យរយៈពេល ៣ ថ្ងៃ ៣ យប់នោះដែរ អ្នកចូលរួមនឹងតុបតែងខ្លួនក្នុងឈុតប្រពៃណីដ៏ទាក់ទាញបំផុតដើម្បីឱ្យស័ក្ដិសមនឹងគូស្នេហ៍ដែលពួកគេចង់ជួប។ អ្នកដែលចង់ជួបគ្នា អាចរកកន្លែងឯកជនមួយនៅលើភ្នំដើម្បីបង្ហាញអារម្មណ៍ចំពោះអតីតគូស្នេហ៍ដែលមានកន្លងមក ជាពិសេសពួកគេអាចចំណាយពេលមួយយប់ជាមួយគ្នាថែមទៀតដោយមិនភ័យខ្លាចការស្ដីបន្ទោស ឬ រងពិន័យអ្វីនោះឡើយ។
យ៉ាងណាមិញ ក្រោយបុណ្យរយៈពេល ៣ ថ្ងៃចប់ ភាពរីករាយជាមួយគូស្នេហ៍ចាស់នេះត្រូវបានបញ្ចប់ដូចគ្នាហើយពួកគេត្រូវបង្ខំចិត្តវិលត្រឡប់មកកាន់ជីវិតប្ដីប្រពន្ធតាមធម្មតាវិញ៕