អ្នកស្រុកមួយនៅថៃ កំពុងនាំគ្នាភ័យខ្លាច ព្រោះមាន់ទាំងទ្រុងៗ ង-ាប់ក្នុងសភាពមានស្នាមខាំ-ក ហើយអស់គ្រឿងក្នុងរលីង
ថ្មីៗនេះ មហាជននៅតាមបណ្តាញសង្គមថៃ កំពុងមានការភ្ញាក់ផ្អើលទៅរឿងរ៉ាវរបស់អ្នកស្រុកបុរីរ៉ាំប្រទេសថៃ បន្ទាប់ពីមានហេតុភេទចម្លែកកើតឡើង ដោយមានមាន់ងាប់អស់ទាំងទ្រុងៗ សុទ្ធតែមានស្នាមខាំនៅ-ក និង អស់គ្រឿងក្នុងរលីង។
តាមអ្នកភូមិជាស្រ្តីវ័យ ៤៩ ឆ្នាំម្នាក់ ដែលជាម្ចាស់មាន់បានរៀបរាប់ឱ្យដឹងថា ខ្លួនបានចិញ្ចឹមមាន់ទាំងអស់ចំនួន ១៧ ក្បាល ប៉ុន្តែឥឡូវសល់តែ ១ ក្បាលប៉ុណ្ណោះ ដោយត្រឹមតែមួយយប់សោះ មាន់ ១២ ក្បាលបានងាប់យ៉ាងចម្លែក គឺមានស្នាមខាំនៅ-កដូចជាត្រូវជញ្ជក់ឈាម ហើយខ្លះទៀតក៏អស់គ្រឿងក្នុង ចំណែក ៤ ក្បាលទៀតក៏បាត់ស្រមោលតែម្តង។
ស្រ្តីរូបនេះបន្តទៀតថា ខ្លួនបានដើរពិនិត្យមើលនៅជុំនោះដែរ តែមិនឃើញដានសត្វសាហាវអ្វីឡើយ ទើបសង្ស័យថាជាស្នាដៃរបស់អាបធ្មប់ ម្យ៉ាងទៀតហេតុការណ៍បែបនេះក៏ធ្លាប់កើតឡើងម្តងរួចហើយ ដោយមាន់សុទ្ធតែងាប់ដោយលក្ខណៈដូចគ្នា។ លើសពីនេះទៀត ក៏មានអ្នកស្រុកធ្លាប់ឃើញមានពន្លឺចម្លែកហោះនៅម្តុំចំការអំពៅក្បែរទ្រុងមាន់នោះទៀត ទើបធ្វើឱ្យសន្និដ្ឋានបានតែម្តង ថាមិនមែនជាស្នាដៃរបស់មនុស្សធម្មតា ឬ សត្វសាហាវឡើយ។
ដោយឡែក អ្នកស្រុកផ្សេងៗនៅម្តុំនោះ ក៏ជឿដូចគ្នាថាជាស្នាដៃរបស់អាបធ្មប់ ព្រោះមានអ្នកខ្លះក៏ធ្លាប់បានឃើញផ្ទាល់ ប៉ុន្តែយ៉ាងណាក្តីរឿងរ៉ាវនេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ នៅមិនទាន់មានភស្តុតាងណាមួយអាចបញ្ជាក់បានឡើយ៕
ប្រភព៖ AMARINTV