ជីវិតសាមញ្ញពិតៗ! ហូបតែម្ហូបដដែលៗ ពាក់ខោអាវដដែលៗជាង ១៥ ឆ្នាំ ព្រោះមិនចង់គិតច្រើននាំតែឈឺក្បាល
សារព័ត៌មានបរទេស បានរាយការណ៍ឱ្យដឹងពីការប្រើជីវិតដ៏សាមញ្ញរបស់បុរសជនជាតិជប៉ុនម្នាក់ ដោយសុខចិត្តហូបតែម្ហូបដដែល ស្លៀកពាក់ដដែលៗជាង ១៥ ឆ្នាំ ព្រោះតែខ្ជិល និង ហត់នឿយនឹងការគិតសម្រេចចិត្តខ្លាំងពេក។
បុរសខាងលើនេះ មានឈ្មោះថា Goh Kita វ័យ ៣៨ ឆ្នាំ បានទម្លាយពីរបៀបប្រើប្រាស់ជីវិតរបស់ខ្លួនដែលក្នុងមួយថ្ងៃៗធ្វើតែរឿងដដែលៗ ហូបម្ហូបដដែលៗ ស្លៀកពាក់ដដែលៗ ព្រោះតែចង់កាត់បន្ថយការគិត ការសម្រេចចិត្តរបស់ខួរក្បាល។ ក្នុងនោះ មានការសិក្សាមួយបានរកឃើញថា មនុស្សសម័យឥឡូវអាចធ្វើការសម្រេចចិត្តរហូតដល់ទៅ ៣៥ ០០០ ដងក្នុងមួយថ្ងៃ ដែលអាចបង្កឱ្យមានការហត់នឿយផ្លូវចិត្ត ដូចគ្នាជាមួយនឹង Goh Kita ក៏បានឱ្យដឹងថា កាលពី ១៥ ឆ្នាំមុន លោកមានអារម្មណ៍ថាហត់នឿយជាមួយជីវិតខ្លាំង ព្រោះតែត្រូវគិតត្រូវសម្រេចចិត្តច្រើនក្នុងមួយថ្ងៃៗ ទើបកើតគំនិតចង់កាត់បន្ថយសម្ពាធជីវិត ដោយព្យាយាមរស់នៅយ៉ាងសាមញ្ញបំផុត។
ក្នុងនោះ លោកបង្កើតតារាងពេលវេលាជីវិតយ៉ាងច្បាស់លាស់ ដោយមានហូបអាហារដដែលៗជារៀងរាល់ថ្ងៃ គឺពេលព្រឹកហូបសណ្តែកដីជាមួយនឹងមីរ៉ាមេន ពេលថ្ងៃហូបទ្រូងមាន់ ពេលល្ងាចហូបឆាសណ្តែកបណ្តុះ ចំណែកឯការស្លៀកពាក់វិញក៏ពាក់តែខោអាវដដែលៗ ពណ៌ដដែលៗ។ Goh Kita បានឱ្យដឹងថា លោកធ្វើបែបនេះមកជាង ១៥ ឆ្នាំហើយ ហើយវាពិតជាជួយផ្លូវចិត្តរបស់លោកបានច្រើនណាស់ ជាពិសេសគឺធ្វើឱ្យប្រសិទ្ធភាពការងាររបស់លោកក៏កើនឡើងផងដែរ៕
ប្រភព៖ Khaosod