យន្តហោះមួយគ្រឿងត្រូវចុះចតវិញ ក្រោយមានកណ្តុរ ១៣២ ក្បាលរួចចេញពីទ្រុង ទម្រាំបុគ្គលិកដេញចាប់បានស៊ីពេលអស់ ៥ ថ្ងៃ
ថ្មីៗនេះ សារព័ត៌មាន Daily Mail បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តមួយ ដោយមានសត្វកណ្តុរ Hamster ចំនួន ១៣២ ក្បាល បានរួចចេញពីទ្រុងនៅក្នុងយន្តហោះមួយគ្រឿង បណ្តាលឱ្យកើតការជ្រួលច្របល់ និង ត្រូវចតយន្តហោះចំនួន ៥ ថ្ងៃ ទម្រាំតែបុគ្គលិកដេញចាប់ពួកវាបាន។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងទៅលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនហោះហើរ TAP Air Portugal ដោយដំបូងឡើយបុគ្គលិកបានរកឃើញថាទ្រុងដាក់សត្វកណ្តុរ Hamster បានធ្លុះ ហើយពួកវាចំនួន ១៣២ ក្បាលបានរួចចេញពីទ្រុងនោះ និង បានរត់ប្រសាចពេញកន្លែងដាក់សម្ភាររបស់យន្តហោះ។ ដោយសារតែខ្លាចពួកវាទៅកាត់ខ្សែចរន្តភ្លើងនៅក្នុងយន្តហោះ ភ្នាក់ងារទាំងឡាយក៏នាំគ្នាប្រតិបត្តិការដេញចាប់ភ្លាមៗ ខណៈអ្នកដំណើរនាំគ្នាចុះពីលើយន្តហោះអស់។ ក្នុងនោះ យន្តហោះមួយគ្រឿងនេះត្រូវជាប់នៅព្រលានយន្តហោះ Ponta Delgada អស់ចំនួន ៥ ថ្ងៃឯណោះ ទម្រាំតែបុគ្គលិកនាំគ្នាដេញចាប់វាបានអស់។
យ៉ាងណាមិញ ក្រោយពីខំប្រឹងប្រែងចាប់អា ១៦ ក្បាលចុងក្រោយអស់ហើយ យន្តហោះមួយគ្រឿងនេះក៏អាចធ្វើដំណើរទៅក្រុង Lisbon វិញបាន។ ដោយឡែក ខាងក្រុមហ៊ុនជើងហោះហើរ TAP Air Portugal មិនទាន់បានចេញមុកបកស្រាយ ឬ និយាយអ្វីទាក់ទងនឹងករណីមួយនេះឡើយ៕
ប្រភព៖ Kapook