កូនម្ដាយ! អង្គុយរៀនសុខៗយំឡាំប៉ាផ្អើលផ្ទះ ដល់ម្ដាយសួរនាំ ប្រាប់ថាច្រឡំធ្វើកិច្ចការផ្ទះលើសៀវភៅមិត្តភក្តិ ឯរបស់ខ្លួនឯងទទេស្អាត
មហាជននៅតាមបណ្តាញសង្គម កំពុងតែហួសចិត្តលាយឡំនឹងការអស់សំណើចទៅរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ ដែលនៅសុខៗក៏ប្រកាច់យំបោកខ្លួនពេញផ្ទះ ក៏ព្រោះតែច្រឡំធ្វើកិច្ចការផ្ទះលើសៀវភៅមិត្តភក្តិ ឯកិច្ចការផ្ទះខ្លួនឯងនៅទទេស្អាត។
រឿងរ៉ាវមួយនេះ បានកើតឡើងនៅប្រទេសចិន ដោយក្មេងស្រីរូបនេះបានខំអង្គុយធ្វើកិច្ចការសាលាអស់ចំនួន ២ ម៉ោងដោយការតាំងចិត្តបំផុត។ លុះធ្វើរួចរាល់ហើយ នាងក៏ត្រឡប់សៀវភៅមើល ស្រាប់តែឃើញថាសៀវភៅនេះមិនមែនជាសៀវភៅរបស់នាងឡើយ តែជាសៀវភៅរបស់មិត្តភក្តិ ហើយនាងក៏ប្រញាប់រត់ទៅរកសៀវភៅខ្លួនឯងមើល ក៏ស្រាប់តែឃើញថាកិច្ចការរបស់នាងនៅទទេស្អាតទាំងអស់។
យ៉ាងណាមិញ ក្មេងស្រីរូបនេះហាក់ដូចជាទទួលយករឿងនេះមិនបានឡើយ ព្រោះតែខំអង្គុយធ្វើកិច្ចការដល់ទៅ ២ ម៉ោង តែមិនបានធ្វើឱ្យខ្លួនឯង តែបែរជាធ្វើមិត្តភក្តិ នាងក៏កើតការមិនសុខចិត្ត ថែមទាំងយំស្រែកប្រកាច់ពេញផ្ទះ រហូតដល់ថ្នាក់អ្នកជិតខាងដើរមកសួរ។ ឯម្តាយរបស់នាងវិញ ដំបូងឡើយក៏លួចសើចកូន តែក្រោយមកក៏អាណិត ហើយក៏នាំប្តីឱ្យជួយធ្វើកិច្ចការរបស់កូនឱ្យរួចរាល់ផងដែរ៕
ប្រភព៖ Sanook