អ្នកមានគិតអីប្លែកៗ! សេដ្ឋីវ័យក្មេងចិន ដែលទិញចេកបិទស្កុតក្នុងតម្លៃជាង ៦ លានដុល្លារ ប្រកាសនឹងបកចេកនោះញ៉ាំ
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងងទៅ ក្រុមហ៊ុន Sotheby’s បានធ្វើការដាក់ដេញថ្លៃលក់សិល្បៈផ្លែចេកបិទស្កុតជាប់ជញ្ជាំងហើយ ដែលធ្វើឡើងនាក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
ក្រោយការដេញថ្លៃចុះឡើង ទីបំផុតអ្នកអាចយកឈ្នះទទួលបានចេកបិទស្កុតដែលជាសិល្បៈមួយឱ្យឈ្មោះថា «Comedian» នោះ គឺបានទៅលើសេដ្ឋីក្រុមហ៊ុន Crypto ឈ្មោះ Justin Sun ដោយលោកបានដេញថ្លៃឈ្នះក្នុងតម្លៃ ៦.២ លានដុល្លារ។ លោក Sun នឹងទទួលបានស្កុតមួយដុំ និង ចេកមួយផ្លែ អមដោយវិញ្ញាបនបត្របញ្ជាក់មួយ និង របៀបណែនាំលើការបិទដាក់សិល្បៈនោះលើជញ្ជាំង។
យ៉ាងណាមិញ ក្រោយដេញថ្លៃឈ្នះបានចេកមួយផ្លែ និង ស្កុតមួយដុំ លោក Sun បែរជាចេញមកប្រកាសថាលោកនឹងមិនដាក់តាំងសិល្បៈដ៏ប្លែកមួយនេះឡើយ តែនឹងញ៉ាំផ្លែចេកដែលដេញថ្លៃបានក្នុងតម្លៃរាប់លានដុល្លារនេះវិញដើម្បីជាការគោរពផ្ដល់តម្លៃឱ្យវា។ ជាក់ស្ដែងតាមរយៈការបង្ហោះលើបណ្ដាញសង្គម X ផ្ទាល់ខ្លួននៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក Sun បានរៀបរាប់ថា៖
«ខ្ញុំទើបតែទទួលបានជោគជ័យលើការដេញថ្លៃយកសិល្បៈដ៏អស្ចារ្យឈ្មោះ Comedian របស់សិល្បករ Maurizio Cattlelan ក្នុងតម្លៃ ៦.២ លានដុល្លារ។ នៅប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងញ៉ាំផ្លែចេកនោះដើម្បីជាការគោរពដល់ប្រវត្តិសាស្ត្រនៃវត្តមានរបស់វាក្នុងផ្នែកសិល្បៈ និង វប្បធម៌»៕