ដើម្បីបានមាត់ធំជាងគេលើលោក រត់ទៅចាក់ filler អស់ ២០ ដង
ស្ត្រីម្នាក់ ដែលមានបបូរមាត់ធំជាងបបូរមាត់ធម្មតារបស់នាង ៤ ដង ទើបបន្តចាក់ filler ជាលើកទី ២០ ដើម្បីឲ្យនាងសម្រេចគោលបំណង ដែលចង់បានបបូរមាត់ធំជាងគេបំផុតនៅលើពិភពលោក ។
នាង Andrea Emilova Ivanova មកពីក្រុង Sofia ប្រទេស Bulgaria បានចំណាយប្រាក់រាប់ពាន់ផោន នៅគ្លីនិកកែសម្ផស្ស ដើម្បីធ្វើការចាក់បំពេញបបូរមាត់របស់នាង ។
ស្ត្រីអាយុ ២២ ឆ្នាំរូបនេះ បានធ្វើការចាក់បំពេញបបូរមាត់ចុងក្រោយបង្អស់របស់នាង កាលពីថ្ងៃអង្គារ កាលពីសប្ដាហ៍មុននេះ ហើយក៏បានចែកចាយរូបភាពរបស់នាងលើបណ្ដាញសង្គម Instagram ពីការវិវដ្តនៃទំហំបបូរមាត់របស់ខ្លួន ។
នាង Andrea បានចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរបបូរមាត់របស់នាងតាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដោយចំណាយប្រាក់ ១៣៥ ផោន (ប្រមាណ ១៦៧ ដុល្លារ) ក្នុងមួយលើក ប៉ុន្តែនាងបានទម្លាយថា រូបនាងមិនបានចាំថា ខ្លួនចំណាយអស់ប្រាក់ប៉ុន្មានហើយនោះទេ ក្នុងពេលប៉ុន្មានឆ្នាំមកនេះ ។
និស្សិតផ្នែកទស្សនវិជ្ជារូបនេះ បានបន្ថែមទៀតថា នាងអាចនឹងក្លាយជាអ្នកដែលមានបបូរមាត់ធំជាងគេបំផុតលើពិភពលោក ហើយនាងនឹងនៅតែបន្តចាក់ filler បន្ថែម រហូតទាល់តែត្រូវតាមការពេញចិត្តរបស់នាង ៕
ប្រភព៖ Dailymail