ឡូយកប់! អ្នកច្នៃម៉ូដម្នាក់ទិញសូត្រពីប៉ារីស ឌីហ្សាញចេញជាឈុតចម្រុះពណ៌ បង្ហាញក្នុងកម្មវិធីហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា
ឥលូវទំនោរនិយមឬ Trend ក្នុងស្រុកយើងពិតជាមិនធម្មតាឡើយ ឬអាចនិយាយថា អាចប្រកួតប្រជែងជាមួយម៉ាកអន្តរជាតិធំៗបាន។ ជាក់ស្តែង ថ្មីៗនេះតាមរយៈកម្មវិធីបង្ហាញម៉ូដ Phnom Penh Designers Week ដែលជាកម្មវិធីបង្ហាញម៉ូដហ្វេហ្សិនធំបំផុតប្រចាំឆ្នាំនៅកម្ពុជា អ្នកច្នៃម៉ូដ Thomas Jaffre ប្រចាំម៉ាក AMBRE Men បានបញ្ចេញម៉ូដសម្លៀកបំពាក់ថ្មីយ៉ាងពិសេស ដែលជាខូឡិកហ្សិនសម្រាប់រដូវត្រជាក់ fall/winter 2024-25។
ដើរបង្ហាញម៉ូដមានឈុតបុរស និង នារី ខូឡិកហ្សិនថ្មីនេះឈ្មោះថា Comic Strips។ ការបង្កើតខូឡិកហ្សិនត្រូវបានសហការគ្នាជាមួយ Smateria ជាម៉ាកដ៏ល្បីដែលធ្វើកាបូបឱ្យម៉ាក Ambre Men ផ្ទាល់។ ខូឡិកហ្សិននេះដែរ ត្រូវបានបំផុសគំនិតពីសូត្រ ដែលអ្នកច្នៃម៉ូដប្រចាំម៉ាកបានទិញពីទីក្រុងប៉ារីស ហើយយកមកធ្វើជាសម្លៀកបំពាក់ចម្រុះពណ៌ ដោយរចនាលាយក្រណាត់បោះពុម្ពរូបតុក្កតា comic strips។
ពីមួយឈុតទៅមួយឈុតពិតជាឡូយ Comic Strips គឺជាខូឡិកហ្សិនផ្តល់នូវអារម្មណ៍រីករាយ ចម្រុះពណ៌ និង ស្ពតនិយមយ៉ាងទំនើប ឃើញហើយគួរឱ្យទាក់ចិត្តបំផុត។ ជាពិសេសការប្រើក្រណាត់សូត្រ លាយឡំរំលេចពណ៌ចម្រុះ ថែមដោយកាបូបជាគ្រឿងលម្អទៀត ពិតជាបង្កភាពឡូយឆាយ ជាហ្វេហ្សិនស៊ីមេទ្រីបំផុតសម្រាប់រដូវត្រជាក់ចុងឆ្នាំនេះ៕