ប្លែក! បុរសចិនម្នាក់សង់ផ្ទះថ្នាក់ៗគរលើគ្នាដល់ទៅ ៩ ជាន់ ទាក់ទាញមនុស្សជាច្រើននាំគ្នាមកថតរូបព្រាត
ក្នុងរយៈពេល ៦ ឆ្នាំ បុរសជនជាតិចិនម្នាក់បានកើតគំនិតច្នៃប្រឌិតសាងសង់ផ្ទះឈើរបស់លោកជាថ្នាក់ៗគរលើគ្នារហូតដល់ទៅ ៩ ជាន់ រហូតខ្ពស់ត្រដែតទាក់ទាញភ្នែកមហាជននាំគ្នាទៅទស្សនា និង ថតរូបព្រោងព្រាត។
ផ្ទះកម្ពស់ ២៣ ម៉ែត្រនេះដែរសាងសង់ឡើងដោយបុរសជាកសិករវ័យ ៤២ ឆ្នាំម្នាក់នាស្រុកកំណើតរបស់លោកនាខេត្ត Guizhou ប្រទេសចិន។ ម្ចាស់ផ្ទះដ៏ចម្លែកទាកទាញរូបនេះដែរបាននិយាយថា លោកបានចំណាយប្រាក់ប្រមាណ ១០ ម៉ឺនយ័ន (ជាង ១៤០០០ ដុល្លារ) ក្នុងការសាងសង់ផ្ទះនេះ។ លោកគ្មានបានគូរប្លង់ជាមុនអ្វីនោះឡើយដោយគ្រប់យ៉ាងកើតចេញពីគំនិត និង ការរៀនសូត្រតាមអ៊ីនធឺណែតប៉ុណ្ណោះ។ លោកបានឱ្យដឹងទៀតថា ផ្ទះរបស់លោកធ្វើពីឥដ្ឋ ឈើ រួមទាំងសម្ភារមួយចំនួនផ្សេងទៀតដូចជាបន្ទះក្ដារ បំណែកតុកៅអីដែលបាក់បែក និង ស័ង្កសីជាដើម។
មហិច្ឆតារបស់លោកមិនបញ្ចប់ត្រឹមនេះនោះឡើយ ដោយបច្ចុប្បន្នកសិកររូបនេះកំពុងតែធ្វើការសាងសង់បន្ថែមមួយជាន់ទៀតដែលជាជាន់ទី ១០។ លោកថែមទាំងអះអាងទៀតថា ផ្ទះរបស់លោកគឺសុវត្ថិភាព បើទោះជាមើលពីក្រៅទៅដូចទ្រុធទ្រោមមិនមាំទាំក៏ដោយ។ ការតស៊ូប្រឹងប្រែងសាងសង់ផ្ទះដ៏ខ្ពស់សន្លឹមមួយនេះ បានធ្វើឱ្យអ្នកភូមិ ក៏ដូចជាភ្ញៀវទេសចរជាច្រើននាំគ្នាស្ញប់ស្ញែងស្នាដៃរបស់លោកជាខ្លាំង រហូតពួកគេនាំគ្នាថតរូបផ្ទះចម្លែកមួយនេះបង្ហោះលើបណ្ដាញសង្គមរហូតមានមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង៕
ប្រភព៖ VN Express