ប្រាប់តគ្នាផង! ប្រមាណ ១០ ថ្ងៃទៀត មន្ទីរពេទ្យហ្លួងម៉ែនឹងចាប់ផ្ដើមបើកដំណើរការដំណាក់កាលដំបូង មានផ្ដល់ជូនសេវាទាំងនេះ
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ មន្ទីរពេទ្យហ្លួងម៉ែ បានចេញសេចក្ដីជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យនឹងចាប់ផ្ដើមបើកដំណើរការដំណាក់កាលដំបូងលើការពិនិត្យ និង ពិគ្រោះជំងឺក្រៅ ចាប់ពីថ្ងៃទីទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងផងដែរថា មន្ទីរពេទ្យហ្លួងម៉ែ មានផ្តល់សេវាដូចខាងក្រោម ៖
១. ពិនិត្យ និង ស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening)
២. ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)
៣. ពិនិត្យ និង ពិគ្រោះជំងឺមហារីកទាក់ទងនឹង៖
– រោគស្ត្រី (មាត់ស្បូន, សុដន់, ក្រពេញអូវែរ, ស្បូន)
– ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និង លំពែង)
– ប្រព័ន្ធទឹកម៉ូត្រ
– ប្រព័ន្ធដង្ហើម
សូមរំឭកផងដែរថា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសឱ្យបានដឹងថា មន្ទីរពេទ្យហ្លួងម៉ែ ដែលធ្លាប់បានឱ្យអ្នកជំងឺសម្រាកព្យាបាលកូវីដ-១៩ នោះ នឹងប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេសជំងឺ «មហារីក» នៅពេលក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានរលាយរលត់ និង អស់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅទីនោះ៕