ប្ដីល្អមែន! ឃើញគេរិះគន់ប្រពន្ធ ស្រាប់តែ Lee Seungi Gi ឆ្លើយតបផាំងៗ ស្ដាប់ហើយរំជួលចិត្តតាម
បន្ទាប់ពីតារាសម្តែងស្រីប្រុសប្រចាំប្រទេសកូរ៉េ Lee Seungi Gi និង Lee Da In បានរៀបការក្លាយជាគូស្វាមីរួចមក មហាជនអ្នកគាំទ្រតែងសង្កេតឃើញថា អ្នកទាំងពីរតែរងឥទ្ធិពលអវិជ្ជមានជានិច្ច ពីរឿងអាស្រូវក្ដីក្ដាំងមិនទាន់ចប់របស់ម្ដាយឪពុក Lee Da In។
យ៉ាងណាមិញ បន្ទាប់ពីតែងទទួលបានមតិអវិជ្ជមានទាំងនោះច្រើនពេកមក ធ្វើឱ្យលោកទប់អារម្មណ៍លែងជាប់ទៀត ក៏ទម្លាយពាក្យពេចន៍ក្នុងចិត្ត ចូលទៅក្នុងគណនី IG ផ្ទាល់ខ្លួនយ៉ាងវែងអន្លាយថា ៖ «ជូនចំពោះអ្នកគាំទ្រដែលស្រឡាញ់ខ្ញុំ។ ជាដំបូង ខ្ញុំសុំទោស! ឮថាអ្នកទាំងអស់គ្នាព្រួយបារម្ភពីខ្ញុំខ្លាំង ដោយសារតែបញ្ហាគ្រួសារប្រពន្ធខ្ញុំផ្ទុះឡើង។ សូម្បីតែអ្នកជិតស្និទ្ធក៏ប្រាប់មកឱ្យពួកយើងលែងលះគ្នាដែរ ដោយពួកគេប្រាប់ឱ្យខ្ញុំគិតពីមុខមាត់ និង កេរ្តិ៍ឈ្មោះរបស់ខ្ញុំ»។
លោកក៏បាននិយាយបន្ថែមថា ៖ «ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង ជាមួយនឹងពាក្យទាំងនោះ ប្រពន្ធខ្ញុំមិនអាចរើសឪពុកម្តាយបានទេ… ហើយឱ្យខ្ញុំទៅលែងលះគ្នា ដោយសារបញ្ហាឪពុកម្តាយគាត់? ខ្ញុំបានសន្យាជាមួយប្រពន្ធខ្ញុំ Lee Da In តាំងពីមុនរៀបការមកម្ល៉ះ ថាពួកយើងនឹងកាន់ដៃគ្នាឆ្ពោះទៅមុខ សាងអនាគតជាមួយគ្នា។ ហើយខ្ញុំនឹងរក្សាដំណោះស្រាយនេះ មិនថាមានមតិអាក្រក់និយាយបែបណាទៀតទេ»។
គួរឱ្យដឹងផងដែរថា ចំពោះរឿងរ៉ាវអាស្រូវដែលធ្វើឱ្យមហាជនមួយចំនួនរិះគន់ប្រពន្ធរបស់ Lee Seungi Gi ក៏ព្រោះតែឪពុកចុងរបស់ប្រពន្ធរបស់លោក ដែលជាតារាសម្ដែងមួយរូបមានឈ្មោះថា Lee Hong Heon គឺកំពុងជាប់ពាក់ព័ន្ធក្នុងរឿងក្ដីការរៀបចំភាគហ៊ុន ហើយឳពុកចុងរបស់ប្រពន្ធលោក ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ៕