ទើបទម្លាយថាជិតមានស្វាមី ពេជ្រ សោភា បែរជាប្រកាសក្តែងៗថាពេលនេះលែងមានសង្សារវិញ
បើគិតមកដល់ពេលនេះ រយៈពេល ១ ឆ្នាំ មកហើយ ដែលតារាចម្រៀង ពេជ្រ សោភា បានបែកបាក់នឹងអតីតគូស្នេហ៍លោក ឆឹម សក្កដា។ ក្នុងនោះ ស្របពេលប្រកាសបែកស្នេហ៍ចាស់ អ្នកនាង ពេជ្រ សោភា ក៏ធ្លាប់បានបង្ហាញជាសាធារណៈពីរូបភាពផ្អែមល្ហែមនឹងតារាម៉ូដែលលោក យ៉ូស្វេ និង បានប្រកាសថាជាសង្សារថ្មីរបស់អ្នកនាងទៀតផង។ ប៉ុន្តែមួយរយៈក្រោយនេះ ចំណងស្នេហ៍រវាងអ្នកនាង និង តារាម៉ូដែលវ័យក្មេងរូបនោះ អាចគ្រាន់តែជាការសម្តែងប៉ុណ្ណោះ។
ថ្មីៗនេះ កំពូលតារាចម្រៀងស្រី ពេជ្រ សោភា បានបង្ហោះសារទម្លាយប្រាប់អ្នកគាំទ្រថា អ្នកនាងជិតរៀបការមានស្វាមីហើយ ដែលបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តដល់អ្នកនាងយ៉ាងច្រើន តែការពិតអ្នកនាង គ្រាន់តែផុសលេងសើចនឹងអ្នកគាំទ្រប៉ុណ្ណោះ។
ដោយឡែកនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ខាងលើ ក៏បានបង្ហោះសារជាថ្មីម្តងទៀត ថាពេលនេះ អ្នកនាងគ្មានសង្សារ ដោយរៀបរាប់ថា៖ «មើលផងគេស្អាតតាំងពីក្មេងចាស! នារីខ្មែរ។ តែចង់ប្រាប់ថា ខ្ញុំលែងមានសង្សារហើយ»។
សារខាងលើនេះដែរ មហាជនក៏ហាក់មិនច្បាស់ថា អ្នកនាង បង្ហោះលេងសារជាថ្មី ឬ ក៏យ៉ាងណានោះទេ តែអ្នកគាំទ្រក៏សង្ឃឹមថា អ្នកនាង ពេជ្រ សោភា នឹងជួបគូពិត និង មានដំណឹងល្អឆាប់ៗផងដែរ៕