កុំគិតថាការវះកាត់សម្រាលកូនស្រួល ផលវិបាកមានច្រើន អានអត្ថបទនេះសិនមុនសម្រេចចិត្ត!
នឹកស្រមៃដល់រូបភាពសម្រាលកូន ស្ត្រីខ្លាចបំផុតការឈឺពោះសម្រាល ជាពិសេសស្ត្រីទើបពពោះកូនដំបូង។ ស្ត្រីមួយចំនួនហេតុតែមិនចង់ឆ្លងកាត់ដំណាក់កាលនេះ បានសម្រេចចិត្តធ្វើការសម្រាលដោយការវះកាត់ ខណៈដែលការសម្រាលខុសពីធម្មជាតិអាចប្រឈមផលវិបាកច្រើនទាំងពេលបច្ចុប្បន្ន និង ទៅថ្ងៃខាងមុខ។ ជាក់ស្តែង សូម្បីតែខាងមន្ទីរពេទ្យកាល់ម៉ែតក៏បានលើកឡើងអំពីផលវិបាកនៃការសម្រាលកូនដោយការវះកាត់ផងដែរ។
ខាងមន្ទីរពេទ្យបានរៀបរាប់លម្អិតថា ៖ ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឱ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។
ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?
១. ផលវិបាកអំឡុងពេលវះកាត់៖
– ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)
– ការបាត់បង់ឈាមច្រើនពេលវះកាត់
– ការដាច់រហែកកស្បូនខ្លាំង
– របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ
២. ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖
– ការបង្ករោគផ្សេងៗ មានដូចជា៖ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។
– ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក
– ភាពស្លេកស្លាំង
– ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឱ្យមានវិបត្តិផ្លូវដង្ហើម
៣. ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖
– ការវះកាត់យកកូនសារជាថ្មី
– ការធ្លាយស្បូន
– សុកពាំងមាត់ស្បូន
– សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម
ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន៕