មកដឹងជំនឿទាក់ទងនឹងផ្កាយដុះកន្ទុយ ដែលចាស់ៗបុរាណចំណាំសម្គាល់ទុក ពេលឃើញវាបង្ហាញខ្លួនម្តងៗ
យើងដឹងហើយថាចាស់ៗបុរាណលោកតែងពូកែសង្កេតទៅកាន់ធម្មជាតិណាស់ លោកអាចសម្គាល់ដឹងដល់រឿងណាមួយដែលបម្រុងនឹងកើតឡើងបាន ឱ្យតែសង្កេតឃើញអ្វីដែលប្រែប្រួល ឬកើតឡើងទៅលើបរិស្ថាននៅជុំវិញខ្លួន ហើយអ្វីដែលលោកតែងចំណាំសង្កេតខ្លាំងជាងគេនោះ គឺផ្កាយដុះកន្ទុយ។
ផ្កាយដុះកន្ទុយ ឬ Comet គឺជាបាតុភូតមួយរបស់ធម្មជាតិ ប៉ុន្តែឱ្យតែមានវត្តមានរបស់វាមកកាន់ផែនដី ចាស់ៗលោកមិនសូវជាសប្បាយចិត្តប៉ុន្មាននោះទេ។ ផ្កាយដុះកន្ទុយនេះ វាមានជំនឿទាក់ទងទៅនឹងរឿងអពមង្គល ដោយចាស់ៗជឿថា កាលណាបើវាហោះមក ឬបង្ហាញខ្លួននៅលើមេឃ នោះប្រទេសជាតិគឺចៀសមិនផុតឡើយពីគ្រោះអាសន្នអន្តរាយ។
ក្នុងនោះ លោកជឿថាប្រទេសអាចនឹងកើតសង្រ្គាមបង្ហូរឈាម ប្រជារាស្រ្តអាចប្រទះភាពអត់ឃ្លាន មានជំងឺអាសន្នរោគឆ្លង ព្រមទាំងអាចនឹងមានការផ្លាស់ប្តូររបបនយោបាយដែលបង្កឱ្យមានភាពចលាចល ឬ ក៏អាចនឹងមានគ្រោះធម្មជាតិវាយប្រហារផងដែរ។ ជាក់ស្តែង គឺមានគ្រោះអាសន្នរបស់ពិភពលោកច្រើនណាស់ ដែលបានកើតឡើង ក្រោយពីមានវត្តមានរបស់ផ្កាយដុះកន្ទុយមកកាន់ផែនដី។
យ៉ាងណាមិញ មកទល់ពេលនេះ ជំនឿមួយនេះក៏បានបន្តមកដល់ក្មេងៗជំនាន់ក្រោយមួយចំនួនផងដែរ អាចនិយាយបានថាមិនសូវគួរឱ្យបារម្ភខ្លាំងដូចជាកាលពីជំនាន់មុនឡើយ តែជំនឿមួយនេះក៏ធ្វើឱ្យមានការប្រុងប្រយ័ត្ន និង ការត្រៀមខ្លួនទុកមុនបានច្រើនដូចគ្នា៕