មិនធម្មតាទេ! Kia នឹងផលិតឡានភីកអាប់ ប្រជែង Ford Ranger
ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូង Kia ធ្លាប់បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល តាមរយៈការផលិតរថយន្ត Sedan ស្ព័រ ម៉ូដែល Stinger ដែលអាចប្រជែងនឹង BMW និង Audi បាន , រថយន្ត SUV ខ្នាតតូចដែលធ្វើឱ្យគ្រប់គ្នាពេញចិត្តខ្លាំង និង SUV ខ្នាតធំថ្មី Telluride ទៀតផង ។
អ្វីដែល Kia មិនទាន់បានធ្វើនោះ គឺ រថយន្តភីកអាប់ ។ ក្រុមហ៊ុនកូរ៉េមួយនេះធ្លាប់បាននិយាយថា ខ្លួនកំពុងពិចារណាផលិតរថយន្តភីកអាប់ ដើម្បីប្រជែងជាមួយ Ford Ranger ។ ឥឡូវនេះ បើយោងតាមរបាយការណ៍របស់ CarGuide បានឱ្យដឹងថា Kia បើកភ្លើងខៀវសម្រាប់ផលិតរថយន្តភីកអាប់ហើយ ។
លោក Damien Meredith ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Kia ក្នុងប្រទេសអូស្ត្រាលី បានបញ្ជាក់ថា ដំណើរការផលិតរថយន្តភីកអាប់ថ្មីបានចាប់ផ្តើមហើយ ខណៈគេរំពឹងថាវានឹងបង្ហាញខ្លួន ក្នុងឆ្នាំ ២០២២ ឬ ២០២៣ ខាងមុខនេះតែម្តង ។ ជាមួយគ្នានេះដែរ Meredith បង្ហើបថា រថយន្តភីកអាប់របស់ Kia នឹងមិនមែនជារថយន្តបែប Lifestyle ឡើយ តែជារថយន្តដែលមានសមត្ថភាព Off-road ដ៏អស្ចារ្យមួយ ៕
ដោយ ៖ ឡុង
ប្រភព ៖ Carbuzz