ចេញហើយ! Corolla Altis ឆ្នាំ ២០១៩ ថែមម៉ូដែល Hybrid និង GR Sport តម្លៃ ៣ ម៉ឺនដុល្លារ
រថយន្ត Sedan ខ្នាតមធ្យមដ៏ពេញនិយមបំផុត Toyota Corolla Altis ស៊េរីឆ្នាំ ២០១៩ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយបន្ថែមម៉ូដែលថ្មី ២ ទៀត គឺ Corolla Altis Hybrid និង Corolla Altis GR Sport ។
ក្រុមហ៊ុន Toyota Motor Thailand បានដាក់បង្ហាញរថយន្ត Corolla Altis ដែលផ្លាស់ប្តូររាងរាងថ្មីសន្លាង ជាមួយនឹងជម្រើសម៉ាស៊ីនចំនួន ៣ ។
វាជាលើកដំបូងបង្អស់ដែល Corolla Altis បន្ថែមជម្រើស Hybrid ដោយប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ និង ម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ១២២ សេះ ។ វាមាន ៣ ប្រភេទ គឺ High តម្លៃ ១,០៩៩ បាត (៣៥ ៨៨០ ដុល្លារ) , Mid តម្លៃ ៩៨៩ ០០០ បាត (៣២ ២៦០ ដុល្លារ) និង Entry តម្លៃ ៩៣៩ ០០០ បាត (៣០ ៦០០ ដុល្លារ) ។
ដោយឡែក Corolla Altis GR Sport ប្រើម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ដែលបង្កើតកម្លាំងបាន ១៤០ សេះ មានតម្លៃ ៩៩៩ ០០០ បាត (៣២ ៥០០ ដុល្លារ) និង Corolla Altis ធម្មតាប្រើម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ កម្លាំង ១២៥ សេះ ដោយមាន ២ ប្រភេទ គឺ G តម្លៃ ៨៦៩ ០០០ បាត (២៨ ៣៤០ ដុល្លារ) និង Limo តម្លៃ ៨២៩ ០០០ បាត (២៧ ០០០ ដុល្លារ) ។
សូមបញ្ជាក់ថា Corolla ស៊េរីថ្មីខាងលើប្រើប្រាស់គ្រោងឆ្អឹង TNGA និង ប្រអប់លេខអូតូ ប្រភេទ CV-T ហើយបំពាក់ពោងការពារសុវត្ថិភាព ៧ មកស្តង់ដារតែម្តង ។ មិនតែប៉ុណ្ណោះ វាក៏បំពាក់កញ្ចប់បច្ចេកវិទ្យា Toyota Safety Sense ដែលរួមមានមុខងារដូចជា Blind Spot Warning, Rear Cross Traffic Alert និង Parking Guidance System ជាដើម ៕
ប្រភព ៖ bangkokpost