Samsung បង្វិលលុយ ២៥០ ដុល្លារឱ្យអ្នកកក់ Galaxy Fold វិញ
កាលពីពេលថ្មីៗកន្លងទៅនេះ Samsung ទើបតែបានប្រកាសជាផ្លូវការឡើងវិញ អំពីស្មាតហ្វូនបត់ Galaxy Fold បន្ទាប់ពីចាយពេលអស់រាប់ខែ ដើម្បីកែតម្រូវបញ្ហារបស់វា ។
ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ឥឡូវនេះ Samsung បានសម្រេចចិត្តលុបចោលរាល់ការបញ្ជាទិញ Galaxy Fold មុនទាំងអស់នៅសហរដ្ឋអាមេរិក ហើយបង្វិលលុយឱ្យវិញចំនួន ២៥០ ដុល្លារ ។
Samsung បានផ្ញើអ៊ីម៉ែលទៅកាន់អ្នក ដែលបានបញ្ជាទិញទុកមុនទាំងអស់ ដោយពន្យល់ថា ក្រុមហ៊ុនត្រូវពេលបន្ថែមដើម្បីគិតឡើងវិញ អំពីបទពិសោធន៍ទាំងមូលរបស់អ្នកប្រើប្រាស់ ចាប់ពីការបើកប្រអប់ដំបូង រហូតដល់ ក្រោយពេលទិញ ដោយការធ្វើដូច្នេះអតិថិជននឹងទទួលបានបទពិសោធន៍ល្អបំផុត ជាមួយបច្ចេកវិទ្យាថ្មី ។
សូមបញ្ជាក់ថា Galaxy Fold នឹងចេញលក់នៅប្រទេសកូរ៉េមុនគេបង្អស់ នៅថ្ងៃទី ០៦ កញ្ញា នេះ ហើយមានលក់នៅ បារាំង , អាល្លឺម៉ង់ , សិង្ហបុរី និង ចក្រភពអង់គ្លេស នៅថ្ងៃទី ១៨ កញ្ញា ខណៈសហរដ្ឋអាមេរិកអាចនឹងលក់នៅថ្ងៃទី ២៧ កញ្ញា ៕
ប្រភព ៖ gsmarena