Porsche បញ្ចេញឡានអគ្គិសនីដំបូងបង្អស់ កម្លាំងដល់ ៧៥០ សេះ
នៅទីបំផុត Porsche បានបញ្ចេញរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួន គឺ Taycan, Taycan Turbo និង Taycan Turbo S ខណៈ Taycan Cross Turismo នឹងចេញនៅឆ្នាំក្រោយ ។
រថយន្តអគ្គិសនីស៊េរីឆ្នាំ ២០២០ របស់ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើនេះ ត្រូវបានគេចាត់ទុកថាជារថយន្ត Sedan ស្ព័រទ្វារ ៤ ។ Taycan Turbo S អាចបង្កើតកម្លាំងបានរហូតដល់ទៅ ៧៥០ សេះ ពីការរួមបញ្ចូលគ្នារវាងមុខងារ Launch Control និង Overboost អនុញ្ញាតឱ្យវាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៦ វិនាទីប៉ុណ្ណោះ ។ រីឯ Taycan Turbo ក៏មិនណយ មានកម្លាំង ៦៧០ សេះ អនុញ្ញាតឱ្យវាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣ វិនាទី ។ ពួកវាមានល្បឿនអតិបរមា ២៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
Porsche បានឱ្យដឹងថា Taycan នឹងត្រូវផលិតមុនគេ ដោយបំពាក់ប្រព័ន្ធកម្លាំងអគ្គិសនី ៨០០ វ៉ុល ខណៈរថយន្តអគ្គិសនីធម្មតាប្រើត្រឹម ៤០០ វ៉ុលប៉ុណ្ណោះ ។ ការប្រើប្រាស់ថាមពលដ៏ធំនេះនឹងអនុញ្ញាតឱ្យវាអាចសាកភ្លើងបានពេញឆាប់រហ័ស ។ ជាក់ស្តែង Taycan អាចសាកភ្លើងបាន ៨០ ភាគរយដោយប្រើពេល ២២ នាទីប៉ុណ្ណោះ តាមរយៈការប្រើប្រាស់ខ្សែសាកកម្លាំង ២៧០ គីឡូវ៉ាត់ ។
តួខ្លួននៃរថយន្ត Porsche Taycan មានភាពស្មុគស្មាញខ្លាំងមែនទែន ដោយវាមានបំពាក់ប្រព័ន្ធបូម Adaptive Air Suspension ជាមួយមុខងារ Porsche Active Suspension Management, Electronic Damper Control និង Porsche Dynamic Chassis Control Sport Stabilization System ទៀតផង ។ អ្នកបើកបរអាចជ្រើសរើសម៉ូដបើកបរដូចជា Normal , Sport , Sport Plus , Range និង Individual ផងដែរ ។
សូមបញ្ជាក់ថា រថយន្ត Porsche Taycan Turbo មានតម្លៃចាប់ពី ១៥៣ ៣១០ ដុល្លារ ខណៈ Taycan Turbo S មានតម្លៃចាប់ពី ១៨៧ ៦១០ ដុល្លារនៅលើទីផ្សារបរទេស ៕
ប្រភព ៖ Carbuzz