ឡានបើកដំបូលថ្មី Ferrari F8 Spider អាចរត់ដល់ល្បឿន ៣៤០ គ.ម៉/ម៉
Ferrari បានបង្ហាញរថយន្តស្ព័របើកដំបូងថ្មីសន្លាងមួយម៉ូដែលទៀត គឺ F8 Spider ដើម្បីប្រជែងជាមួយ Lamborghini Huracan Evo Spyder និង McLaren 720S Spider ។
F8 Spider បំពាក់ម៉ាស៊ីន V8 ដ៏ល្បី និង ជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត គឺ ម៉ាស៊ីនសាំងចំណុះ ៣,៩ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៧១០ សេះ ដំណើរការជាមួយប្រអប់លេខ Dual-clutch ៧ វគ្គ អាចឱ្យវារត់ពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទី ហើយមានល្បឿនអតិបរមា ៣៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ម៉ាស៊ីន V8 នេះបានធ្លាប់ពានរង្វាន់ម៉ាស៊ីនប្រចាំឆ្នាំ International Engine of the Year Award រយៈពេល ៤ ឆ្នាំ ហើយវាក៏ត្រូវបានប្រើលើរថយន្ត Ferrari Portofino, Ferrari California T, Ferrari GTC4 Lusso T, Ferrari 488, និង Ferrari F8 Tributo ផងដែរ ។ ដូចដែលឈ្មោះរបស់វាបានបញ្ជាក់ F8 Spider អាចបើកដំបូលបានដោយប្រើរយៈពេល ១៤ វិនាទី ៕
ប្រភព ៖ Carbuzz