Rolls-Royce ចិន អត់ប្រើសាំង មានបច្ចេកវិទ្យាបើកស្វ័យប្រវត្តិទៀត
ក្រុមហ៊ុន Hongqi ដែលជាម៉ាករថយន្តប្រណីតមួយរបស់ប្រទេសចិន បានដាក់បង្ហាញ SUV ដំណើរការដោយថាមពលអគ្គិសនីម៉ូដែលថ្មីរបស់ខ្លួន គឺ Hongqi E115 នៅក្នុងកម្មវិធី Frankfurt Motor Show ឆ្នាំ ២០១៩ ក្នុងប្រទេសអាល្លឺម៉ង់ ។
Hongqi E115 គឺជារថយន្ត SUV អគ្គិសនីដែលអាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្ររាល់ពេលភ្លើងពេញម្តង ។ Hongqi អះអាងថា រថយន្តប្រើប៉ុងពីរនេះអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤ វិនាទីប៉ុណ្ណោះ ។
អ្វីដែលពិសេស រថយន្ត Hongqi E115 ទទួលបានការរចនាស្រដៀងទៅនឹង រថយន្ត Rolls-Royce Cullinan ក៏ដោយសារតែវាត្រូវបានរចនាដោយអតីតមេផ្នែកឌីស្សាញរបស់ក្រុមហ៊ុន Rolls-Royce លោក Gilles Taylor ។
លើសពីនេះទៅទៀត វាបានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិត ៤ (Level 4 Self-Driving Tech) ថែមទៀតផង ។ ទោះបីជាយ៉ាងណា Hongqi មិនទាន់បានបង្ហាញពីតម្លៃ និង ថ្ងៃចេញលក់របស់វានៅឡើយទេ ៕
ប្រភព ៖ Carscoops